មានហាងលក់សំលៀកបំពាក់ដែលពេញនិយមមួយកន្លែង បានតម្រូវឲ្យអ្នកលក់របស់ខ្លួនស្លៀកពាក់ ដូចរូបមនុស្សជ័រ ដែលគេដាក់តាំងបង្ហាញក្នុងទូរកញ្ចក់ ផ្សាយពាណិជ្ជកម្មសំលៀកបំពាក់របស់ហាងនេះ។ គេបានហៅវិធីសាស្រ្តនេះថា “ការការពារផ្លាកយឺហោ”។ គេបានអនុវត្តដូចនេះ ដោយសារគេយល់ថា អ្នកទិញឥវ៉ាន់ងាយនឹងទិញសំលៀកបំពាក់ ពេលដែលពួកគេចង់ឲ្យខ្លួនមានរូបសម្បត្តិ ដូចមនុស្សស្រស់សង្ហាដែលកំពុងស្លៀកអាវនោះ។
នៅក្នុងវប្បធម៌ដែលផ្តោតទៅលើអតិថិជន មនុស្សយើងនឹងត្រូវគេល្បួង ឲ្យគិតថា ខ្លួនអាច “ទិញ” ការទទួលស្គាល់ពីអ្នកដទៃ ដោយស្លៀកពាក់ខោអាវ ដូចអ្នកដែលមានសម្រស់។ អ្នកលក់សំលៀកបំពាក់ធ្វើឲ្យយើងជឿថា អ្នកដទៃពេញចិត្តយើង ដោយសារយើងមានរូបសម្បត្តិល្អ។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ ជួនកាលយើងថែមទាំងជឿថា យើងអាចនាំឲ្យគេជឿព្រះ ដោយធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញចំពោះលោកិយ។ ប៉ុន្តែ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីចំណុចសំខាន់ៗដែលយើងត្រូវមាន នៅក្នុងការនាំគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានលក្ខណៈសម្បត្តិដូចព្រះយេស៊ូវ។ បានសេចក្តីថា ព្រះយេស៊ូវជា “ផ្លាកយឺហោ”របស់យើង ព្រោះព្រះទ្រង់បានតម្រូវឲ្យយើងត្រឡប់ដូចជារូបអង្គរបស់ព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៩)។ យើងទាក់ទាញអ្នកដទៃ ឲ្យទទួលជឿព្រះគ្រីស្ទ ពេលដែលយើងមានអាកប្បកិរិយ៉ាដូចទ្រង់ ដែលរួមមាន ចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ (កូល៉ុស ៣:១២) ហើយដែលសំខាន់បំផុតនោះ គឺយើងត្រូវមានសេចក្តីស្រឡាញ់ (ខ.១៤)។
យើងមិនត្រូវខំដុសខាត់ និងការពាររូបអង្គរបស់យើងនោះទេ ផ្ទុយទៅវិញ យើងត្រូវការពារ និងបង្ហាញចេញនូវរូបអង្គរបស់ព្រះ ឲ្យគេឃើញតាមរយៈការប្រព្រឹត្ត ការនិយាយស្តី និងអាកប្បកិរិយ៉ារបស់យើង ដែលទ្រង់កំពុងតែធ្វើឲ្យមានភាពល្អឥតខ្ចោះ តាមរយៈព្រះគ្រីស្ទ។–Julie Ackerman Link