មានរឿងមួយបានដំណាល អំពីក្សត្រីវិចតូរីយ៉ា(Victoria) នៃចក្រភពអង់គ្លេស ដែលព្រះនាងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ក្នុងអំឡុងពេលកម្មវីធីថ្វាយបង្គំព្រះ នៅឯព្រះវិហារមួយ។ ក្រោយមក ព្រះនាងក៏បានសួរគ្រូបង្រៀនព្រះបន្ទូលរបស់ទ្រង់ថា “ក្នុងកាលដែលយើងមានជីវិត តើយើងពិតជាអាចមានការដឹងច្បាស់មួយរយភាគរយថា ខ្លួននឹងមានសុវត្តិភាពដ៏នៅអស់កល្បជានិច្ចឬទេ?” ពេលនោះគាត់មិនដឹងថា ត្រូវទូលប្រាប់ព្រះនាងថាដូចម្តេចឡើយ។ តែមានគ្រូផ្សាយដំណឹងល្អម្នាក់ឈ្មោះ ចន ថោនស៊ែន(John Townsend) បានស្តាប់ឮព្រះនាងសួរយ៉ាងដូចនោះ ហើយបន្ទាប់ពីគាត់បានអធិស្ឋានជាច្រើនហើយ គាត់ក៏បានផ្ញើរសំបុត្រមួយច្បាប់ ថ្វាយព្រះនាង ដោយសរសេរថា “ដោយដៃដែលញ័រ ដោយក្តីស្រឡាញ់អស់ពីចិត្ត និងដោយទូលបង្គំដឹងថា យើងពិតជាអាចដឹងច្បាស់មួយរយភាគរយ ក្នុងពេលនេះថា អ្នកជឿព្រះនឹងបានរស់នៅអស់កល្បជានិច្ច ក្នុងផ្ទះដែលព្រះយេស៊ូវបានយាងទៅរៀបចំទុកឲ្យ នោះទូលបង្គំសូមយាងព្រះករុណាអានបទគម្ពីរ ដូចជាបទគម្ពីរយ៉ូហាន ៣:១៦ និងរ៉ូម ១០:៩-១០”។
ពីរសប្តាហ៍ក្រោយមក គ្រូផ្សាយដំណឹងល្អរូបនេះក៏បានទទួលការឆ្លើយតបរបស់ព្រះនាង តាមសំបុត្រថា “… ខ្ញុំបានអានបទគម្ពីរដែលអ្នកបានផ្ញើឲ្យ ដោយការអធិស្ឋាន និងដោយប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំមានការជឿជាក់ លើព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើសម្រេច ឲ្យខ្ញុំ ហើយបានទុកចិត្តលើព្រះគុណរបស់ព្រះថា នឹងបានជួបអ្នក នៅក្នុងផ្ទះ ដែលទ្រង់បានមានបន្ទូលថា “ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា” ពីខ្ញុំវិចតូរីយ៉ា វែលហ្វ(Victoria Guelph)។
ក្នុងរឿងនេះ យើងឃើញថា លោកថោនស៊ែន មានទំនុកចិត្តថា ក្នុងមួយជីវិតនេះ យើងអាចដឹងច្បាស់ថា យើងមានសុវត្តិភាពដ៏អស់កល្បជានិច្ច(ខ.៩) ហើយគាត់មានការខ្វល់ខ្វាយអំពីអ្នកដទៃផងដែរ។ ចូរពិចារណាអំពីអត្ថន័យ ដែលបទគម្ពីរយ៉ូហាន ៣:១៦ និងរ៉ូម ១០:៩-១០ មានចំពោះជោគវាសនាដ៏អស់កល្បជានិច្ចរបស់អ្នក។ ព្រះសព្វព្រះទ័យនឹងឲ្យអ្នកមានទំនុកចិត្តថា អំពើបាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយពេលដែលអ្នកលាចាកលោកនេះទៅ អ្នកនឹងបានទៅនៅជាមួយទ្រង់ជារៀងរហូត។–Brent Hackett, នាយកនៃអង្គការ RBC កាណាដា