នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើណែតនៅផ្ទះខ្ញុំ បានដាច់ហើយ។ អ្នកផ្តល់សេវ៉ាកម្មរបស់ខ្ញុំ បានធ្វើតេស្តខ្លះៗ ហើយក៏បានសន្និដ្ឋានថា ខ្ញុំត្រូវផ្លាស់ប្តូរម៉ូដិមថ្មី ដើម្បីឲ្យអ៊ីនធើណិតដំណើរការដូចដើមវិញ ប៉ុន្តែ ពួកគេអាចផ្លាស់ឲ្យខ្ញុំយ៉ាងឆាប់បំផុត នៅថ្ងៃស្អែក។ ខ្ញុំក៏មានការស្រង៉ាកចិត្តបន្តិច ពេលដែលខ្ញុំគិតអំពីការរស់នៅ ដោយគ្មានអ៊ីនធើណែតប្រើ ក្នុងរយៈពេល២៤ម៉ោង។ ខ្ញុំក៏គិតថា តើខ្ញុំអាចរស់ដោយរបៀបណា បើគ្មានអ៊ីនធើណែតប្រើ។
បន្ទាប់មកខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំមានការស្រង៉ាកចិត្តផងដែរឬទេ បើសិនជាទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះ ត្រូវបានកាត់ផ្តាច់អស់រយៈពេល១ថ្ងៃ? យើងអាចបន្តភ្ជាប់ទំនាក់ទំនងជាមួយព្រះ ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងនៅក្នុងការអធិស្ឋានបានគ្រប់ពេល។ បន្ទាប់មក យើងត្រូវធ្វើជា “អ្នកប្រព្រឹត្តតាមព្រះបន្ទូលព្រះ”(យ៉ាកុប ១:២២-២៤)។
អ្នកនិពន្ធទំនុកដំកើង ជំពូក ១១៩ បានទទួលស្គាល់ សារៈសំខាន់នៃការនៅជាប់ជាមួយនឹងព្រះ។ គាត់បានទូលសូមឲ្យព្រះ បង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកគាត់(ខ.៣៣-៣៤)។ បន្ទាប់មក គាត់ក៏បានអធិស្ឋានថា គាត់រក្សាទុកឲ្យអស់ពីចិត្តរបស់គាត់(ខ.៣៤) ហើយដើរទៅតាមផ្លូវច្រកនៃសេចក្តីបង្គាប់របស់ទ្រង់(ខ.៣៥) ហើយង្វែរភ្នែករបស់គាត់ មិនឲ្យមើលការឥតប្រយោជន៍(ខ.៣៧)។ អ្នកនិពន្ធទំនុកដំកើង “នៅជាប់” ជាមួយព្រះ ដោយជញ្ជឹងគិត ហើយអនុវត្តតាមព្រះបន្ទូលទ្រង់។
ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ជាចង្កៀងដល់ជើងយើង ហើយជាពន្លឺបំភ្លឺផ្លូវ ដែលនាំយើងទៅរកទ្រង់។–C.P. Hia