លោកចន ផាយភ័រ(John Piper) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា ផែនការដ៏ផ្អែម និងជូរចត់របស់ព្រះ ដែលក្នុងនោះ គាត់បានមានប្រសាសន៍ អំពីផែនការ និងការដឹកនាំរបស់ព្រះ យ៉ាងដូចនេះថា “ជីវិតមិនមែនជាខ្សែបន្ទាត់ត្រង់ ដែលនាំទៅរកព្រះពរមួយហើយ មួយទៀត រហូតទៅដល់នគរស្ថានសួគ៌នោះឡើយ។ តែជីវិតជាផ្លូវក្រងិចក្រង៉ុក និងមានពេញដោយបញ្ហា … ទន្ទឹមនឹងនោះ ព្រះទ្រង់មិនមែនគ្រាន់តែមកជួយយើង ពេលមានបញ្ហាប៉ុណ្ណោះទេ តែព្រះអង្គបានរៀបចំទិសដៅនៃជីវិតយើង ហើយគ្រប់គ្រងបញ្ហារបស់យើង ដោយបំណងព្រះទ័យដ៏ខ្ពស់បំផុត គឺដើម្បីជាប្រយោជន៍ដល់យើង និងដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ”។
ពេលដែលពួកសាសន៍យូដា ធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យផ្សេងៗ ជារៀងរាល់ឆ្នាំ(ចោទិយកថា ១៦:១៦) ពួកគេបានទទួលការធានាថា ព្រះអម្ចាស់កំពុងរៀបចំទិសដៅរបស់ពួកគេ ហើយគ្រប់គ្រងផ្លូវដែលក្រងិចក្រង៉ុក និងមានពេញដោយបញ្ហា ដើម្បីឲ្យពួកគេធ្វើដំណើរដល់គោលដៅ។ ពួកគេមានការជឿទុកចិត្តលើការនេះ ដោយផ្អែកលើបទគម្ពីរទំនុក ដំកើង ជំពូក ១២១ ដែលជាបទចម្រៀងនៃពួកអ្នកដើរទៅរកទីបរិសុទ្ធ។ ពេលដែលពួកគេសួរថា “តើសេចក្តីជំនួយជួយដល់ខ្ញុំ មកពីណា?” នោះពួកគេក៏ដឹងច្បាស់ ដោយគ្មានសង្ស័យថា ជំនួយនោះ គឺមកពីព្រះអម្ចាស់ ដែលព្រះអង្គគ្រប់គ្រងលើទាំងអស់(ខ.១-២)។ ព្រះអម្ចាស់មិនដែលងោកងុយ ហើយការពារការធ្វើដំណើររបស់រាស្រ្តទ្រង់ ដោយព្រះទ័យទុកដាក់ (ខ.៣-៤) ព្រះអង្គមិនដូចពួកអ្នកយាម ដែលងោកងុយ ហើយក៏មិនដូចព្រះបាលដែលត្រូវការ ឲ្យគេដាស់ឲ្យភ្ញាក់ឡើយ(១ពង្សាវតាក្សត្រ ១៨:២៧)។ ព្រះអម្ចាស់ទ្រង់បានជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែ-ល ហើយព្រះអង្គនៅតែបន្តជួយសង្រ្គោះ មើលថែរ និងយាងទៅជាមួយរាស្រ្តទ្រង់ជានិច្ច។
ជីវិតរបស់មនុស្សជាផ្លូវក្រងិចក្រង៉ុក ដែលយើងមិនអាចដឹងថា នឹងមានគ្រោះថ្នាក់ ឬបញ្ហាអ្វីដែលនៅខាងមុខឡើយ តែយើងអាចដឹងច្បាស់ថា ព្រះទ្រង់បានរៀបផែនការ រក្សាសន្តិសុខ និងមើលថែរយើងជានិច្ច។—Marvin Williams