នៅលើឆ្នេរខ្សាច់មាត់សមុទ្រ នៃប្រទេសអ៊ុយរ៉ាហ្កាយ គេបានដាក់រូបចម្លាក់ដៃដ៏ធំមួយធ្វើពីស៊ីម៉ង់ ដែលមានម្រាមផុសចេញពីដីខ្សាច់ តម្រង់ទៅរកផ្ទៃមេឃ។ គេបានហៅរូបចម្លាក់ដ៏ធំនោះថា វិមាននៃអ្នកលង់ទឹក។ អ្នករស់នៅទីនោះបានហៅវាថា “ឡា ម៉ាណូ” (La Mano) ដែលជាភាសាអេស្ប៉ាញ ប្រែមកថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែលជាជាងចម្លាក់ជនជាតិឈីលី បានបង្កើតរូបចម្លាក់នេះមក ដើម្បីដាស់តឿនអ្នកហែលទឹក អំពីគ្រោះថ្នាក់នៃការលង់ទឹក។ រូបចម្លាក់ “ដៃ” នោះក៏បានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកម្សាន្ត នៅមាត់ឆ្នេរនោះ ប៉ុន្តែ គោលបំណងពិតរបស់វា នៅតែរំឭកអ្នកហែលទឹក អំពីគ្រោះថ្នាក់នៃទឹកសមុទ្រដដែល។
យ៉ាងណាមិញ ព្រះបន្ទូលព្រះមានការដាស់តឿនជាច្រើន អំពីគ្រោះថ្នាក់។ ជាក់ស្តែង កណ្ឌហេព្រើរបានផ្តល់ឲ្យនូវការដាស់តឿនជាពិសេស អំពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប”(ហេព្រើ ៣:៧-១៣)។
បរិបទនៃខគម្ពីរនេះ បាននិយាយរំឭកឡើងវិញ អំពីការដែលពួកអ៊ីស្រាអែលមិនទុកចិត្តព្រះ ហើយបះបោរនឹងព្រះអង្គ ពេលពួកគេកំពុងនៅវាលរហោស្ថាន។ ទោះរឿងនេះបានកើតឡើង អស់ច្រើនសតវត្សរ៍ មុនពេលដែលកណ្ឌហេព្រើរត្រូវបាននិពន្ធឡើងក៏ដោយ ក៏យើងនៅតែត្រូវអនុវត្តតាមគោលការណ៍ខាងវិញ្ញាណ ក្នុងបទគម្ពីរនេះ ក្នុងពេលបច្ចុប្បន្នផងដែរ។ យើងត្រូវតែលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីជម្នះចិត្តដែលចេះតែរឹងរូស ដោយសារអំពើបាប។
ព្រះទ្រង់ដាស់តឿនយើងរាល់គ្នា ដើម្បីការពារយើង ឲ្យរួចផុតពីគ្រោះថ្នាក់។សូមសរសើរដំកើងព្រះ ដែលបានប្រទាននូវការដាស់តឿន ក្នុងព្រះបន្ទូលព្រះអង្គ ដើម្បីការពារយើង ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលព្រះអង្គមានសម្រាប់យើង។—Dennis Fisher