គ្រាប់ពេជ្យជាវត្ថុដ៏ស្រស់ស្អាត និងមានតម្លៃ ប៉ុន្តែ វាមានប្រភពដើមកើតពីជាតិកាបោនដ៏សាមញ្ញ ដែលមានពណ៌ខ្មៅ កខ្វក់ និងងាយឆាបឆេះ។ ពេលដែលជាតិការបោននោះឆ្លងកាត់កំដៅ និងទទួលរងនូវសម្ពាធដ៏ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំក្រោយមក វាប្រែជាមានសភាពថ្លាសុទ្ធល្អ ហើយរឹងមាំ។ ត្រង់ចំណុចនេះ យើងអាចប្រៀបធៀបភាពរឹងមាំនៃគ្រាប់ពេជ្យ ទៅនឹងភាពរឹងមាំខាងវិញ្ញាណរបស់មនុស្ស ដែលកើតមាន ដោយសារព្រះប្រើសម្ពាធនៃការពិបាក ដើម្បីដកយកចេញនូវភាពមិនបរិសុទ្ធចេញពីយើង ហើយធ្វើឲ្យកម្លាំងរបស់ព្រះអង្គ បានពេញខ្នាតឡើង ក្នុងយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា កម្លាំងរបស់ព្រះ បានពេញខ្នាត នៅក្នុងភាពកម្សោយរបស់យើង (២កូរិនថូស ១២:៩)។
តាមធម្មជាតិរបស់ខ្ញុំជាមនុស្ស ខ្ញុំមិនចង់មានភាពរឹងមាំតាមរបៀបនេះទេ ព្រោះខ្ញុំមិនចង់មានភាពទន់ខ្សោយឡើយ។ ពេលដែលខ្ញុំមានជម្ងឺមហារីក ខ្ញុំបានទៅចាក់ថ្នាំគីមី និងបាញ់កាំរស្មីដែលបានធ្វើឲ្យខ្ញុំមានភាពទន់ខ្សោយយ៉ាងខ្លាំង។ ការនេះបង្រៀនខ្ញុំអំពីភាពកម្សោយខាងសាច់ឈាម លើសពីការដែលខ្ញុំចង់ដឹងចង់យល់។ បន្ទាប់មក មានហេតុការណ៍ដ៏តូចមួយបានធ្វើឲ្យខ្ញុំធ្លាក់ចូល ក្នុងភាពកម្សោយខាង ផ្លូវអារម្មណ៍ ដែលធ្វើឲ្យខ្ញុំភ្លេចខ្លួន។ បន្ទាប់ពីការចាក់ថ្នាំគីមីបានធ្វើឲ្យខ្ញុំជ្រុះសក់អស់ ហើយក្បាលខ្ញុំត្រូវត្រងោលអស់មួយឆ្នាំមក ខ្ញុំមិនពិបាកកាត់សក់ទេ ក្នុងរយៈពេលនោះ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការមានភាពទន់ខ្សោយពេក គឺពិតជាធ្វើឲ្យខ្ញុំពិបាកណាស់។ ក្នុងចំណោមយើងរាល់គ្នា មានអ្នកខ្លះអាចស្រមើស្រម៉ៃថា ខ្លួនឯងមានកម្លាំង និងអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ពេលដែលមានភាពកម្សោយ ប៉ុន្តែ ពេលដែលយើងជួបការពិបាក ដូចជាការធ្លាក់ខ្លួនឈឺ ឬបាត់បង់ការងារភ្លាមៗ ឬក៏ជួបការបែកបាក់ក្នុងទំនាក់ទំនង ចូរយើងនឹកចាំថា យើងត្រូវពឹងផ្អែកទាំងស្រុងទៅលើព្រះ ដើម្បីទទួលកម្លាំងពីព្រះអង្គ។
ពេលដែលយើងជួបភ្លើងនៃទុក្ខលំបាកដែលឆេះសន្ធោសន្ធៅ ទោះនោះជាទុក្ខលំបាកខាងផ្លូវកាយ ឬផ្លូវអារម្មណ៍ក៏ដោយ ហើយទោះនោះជាការបៀតបៀនមកពីខាងក្រៅ ឬទុក្ខព្រួយនៅក្នុងចិត្តក្តី ចូរយើងចាំថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើការនោះ ដើម្បីបន្សុតយើង និងធ្វើឲ្យយើងរឹងមាំ ដោយបំណងព្រះទ័យពេញដោយក្តីស្រឡាញ់។—Julie Ackerman Link