មានអ្នកខ្លះចូលចិត្តដើរទិញឥវ៉ាន់ខ្លាំងណាស់។ ពួកគេមានចិត្តចង់ទិញ ហើយទិញទៀត ឥតឈប់ឈរ។ ហើយក្នុងចំណោមនោះ ក៏មានអ្នកដែលស្វែងរកទិញឥវ៉ាន់ នៅក្រៅប្រទេសទៀតផង។ សព្វថ្ងៃនេះ មានផ្សារទំនើបធំៗជាច្រើន ក្នុងប្រទេសចិន សូឌី-អារ៉ាប៊ី កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក។ ការកើនឡើងនៃការទិញទំនិញ តាមហាងទំនិញ និងនៅតាមប្រព័ន្ធអ៊ីនធើណិត បានបង្ហាញឲ្យយើងដឹងថា ការញៀននឹងការទិញទំនិញ គឺជាបាតុភូតដែលកើតមាននៅទូទាំងពិភពលោក។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងរាល់គ្នាថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀត ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីបុរសម្នាក់ ដែល “ខំបង្គរទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង” ដោយមិនខ្វល់អំពីទំនាក់ទំនង ដែលគាត់ត្រូវមានជាមួយព្រះឡើយ(ខ.២១)។
តើធ្វើដូចម្តេច ឲ្យយើងអាចរៀនស្កប់ចិត្ត នឹងរបស់ដែលយើងមាន ដោយមិនលោភចង់បានជាបន្ថែមទៀត? ជាបន្តទៅនេះ សូមស្វែងយល់អំពីដំណោះស្រាយមួយចំនួន ដូចតទៅ :
- ចូរចាត់ទុករបស់ដែលយើងមាន ជាអំណោយដែលព្រះប្រទាន សម្រាប់ឲ្យយើងប្រើ យ៉ាងឆ្លាតវ័យ(ម៉ាថាយ ២៥:១៤-៣០)
- ចូរខិតខំធ្វើការរកប្រាក់ ហើយសន្សំទុកប្រើពេលក្រោយទៀត(សុភាសិត ៦:៦-១១)។
- ចូរដាក់ដង្វាយ សម្រាប់ការងារបម្រើព្រះអម្ចាស់ និងសម្រាប់អ្នកដែលខ្វះខាត(២កូរិនថូស ៩:៧ សុភាសិត ១៩:១៧)។
- ហើយចូរកុំភ្លេចអរព្រះគុណព្រះ ហើយអរសប្បាយនឹងរបស់អ្វី ដែលព្រះអង្គប្រទាន(១ធីម៉ូ ថេ ៦:១៧)។—Dennis Fisher