ទំនាញដែលដួងច័ន្ទមាន មកលើមហាសមុទ្រទាំងឡាយ ក្នុងភពផែនដីយើង បានបង្កើតឲ្យមានទឹកនាច និងទឹកជោរ។ វាជាបាតុភូតិ ដែលគួរឲ្យចាប់អារម្មណ៍ណាស់។ ក្នុងពេលដែលកម្ពស់ទឹកមានការផ្លាស់ប្តូរ មានរយៈពេលដ៏ខ្លីមួយ ដែលគេបានហៅថា “រយៈពេលទឹកនឹង”។ ក្នុងពេលនោះ កម្ពស់ទឹកមិនខ្ពស់ ហើយក៏មិនទាបដែរ។ តាមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា បាតុភូតទឹកនឹងកើតឡើង ពេលដែលទឹក “មិនទទួលរងសម្ពាធ”។ វាជាពេលដែលទឹកនាច ឬទឹកជោរត្រូវបានផ្អាកយ៉ាងស្ងាត់ស្ងៀម មួយរយៈពេលខ្លី មុនពេលដែលទឹកចាប់ផ្តើមនាជ ឬជោរខ្លាំងម្តងទៀត។
ជួនកាល ក្នុងពេលដែលយើងកំពុងមានភាពជាប់រវល់នឹងកិច្ចការដ៏ច្រើន យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនយើងបានទទួលរងសម្ពាធពីគ្រប់ទិស ដោយសារយើងត្រូវ មានការទទួលខុសត្រូវជាច្រើន ដែលពិបាកនឹងទទួល ក្នុងពេលតែមួយ។ ពេលដែលព្រះយេស៊ូវ កំពុងបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ យើងឃើញថា ព្រះអង្គយល់អំពីការពិបាកដែលពួកសាវ័កមាន ក្នុងការបំពេញភារៈកិច្ច ហើយព្រះអង្គក៏បានជ្រាបថា ពួកគេត្រូវការការសម្រាកផងដែរ។ ពេលដែលពួកគេវិលត្រឡប់មកពីប្រកាស់ពីនគរព្រះ ដោយចេញទៅជាគូរៗ ពួកគេបានទូលថ្វាយព្រះអង្គ អំពីការអស្ចារ្យដែលព្រះបានធ្វើ តាមរយៈពួកគេ(ម៉ាកុស ៦:៧-១៣,៣០)។ តែព្រះយេស៊ូវបានមានបន្ទូលតបថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅ ឯទីស្ងាត់ដោយឡែកទៅ”(ខ.៣១-៣២)។
តើមានការទទួលខុសត្រូវអ្វីខ្លះកំពុងដាក់សម្ពាធមកលើអ្នក នៅថ្ងៃនេះ? ទោះបីជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវរៀបចំពេលសម្រាប់សម្រាក ដើម្បីប្រមូលកម្លាំងឡើងវិញ សម្រាប់ជួយឲ្យរូបកាយ និងវិញ្ញាណរបស់យើង មានលទ្ធភាពបម្រើអ្នកដទៃ ឲ្យមានផលផ្លែកាន់តែច្រើនថែមទៀត។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងមានការសម្រាកនេះ ព្រោះយើងសុទ្ធតែត្រូវការសម្រាក ហើយព្រះអង្គបានរង់ចាំជួបយើង ក្នុងពេលស្ងៀមស្ងាត់នោះ។—Dennis Fisher