មានពេលមួយ ខ្ញុំនិងបងប្អូនជីដូនមួយរបស់ខ្ញុំ បាននាំគ្នាយករូបថតចាស់ៗ របស់ជីដូនជីតាយើងមកមើល។ យើងបាននិយាយកំប្លែងលេង អំពីរូបសម្បត្តិរបស់យើង ត្រង់ចំណុចដែលមានលក្ខណៈ កាត់ដូចជីដូនជីតាយើង។ យើងគ្រាន់តែកត់សម្គាល់ចំណុចអវិជ្ជមាន ដែលគួរឲ្យអស់សំណើច ដែលមានដូចជា ជើងខ្លីៗ ធ្មេញទល់ និងក្បាលឆកជាដើម។ យើងម្នាក់ៗងាយនឹងកត់សំគាល់ឃើញ ថា យើងកាត់ទៅរកបុព្វបុរសរបស់យើង ត្រង់ចំណុចដែលយើងមិនសូវចូលចិត្ត។ ក្រៅពីមានរូបសម្បត្តិដែលកាត់ទៅរកពួកគាត់ យើងក៏មានបុគ្គលិកលក្ខណៈ ដែលកាត់ទៅរកពួកគាត់ផងដែរ ដែលមានចំណុចខ្លះល្អ ហើយក៏មានចំណុចមិនសូវល្អផងដែរ។ ប៉ុន្តែ យើងមិនសូវយកចិត្តទុកដាក់ ចំពោះចំណុចទាំងនោះ ជានិច្ចឡើយ។
ខ្ញុំបានសង្កេតឃើញថា មានមនុស្សជាច្រើនបានព្យាយាមប្រើវិធីសាស្រ្តគ្រប់ប្រភេទ ដើម្បីជម្នះចំណុចខ្វះខាតផ្នែករូបកាយរបស់ខ្លួន ដោយការហាត់ប្រាណជាទៀងទាត់ ការសម្រកទម្ងន់ ការតុបតែងមុខ ការលាបថ្នំាសក់ និងការវះកាត់កែសម្ផស្សជាដើម។ ពួកគេមិនបានខំប្រឹងជម្នះចរិយ៉ាសម្បត្តិដែលមិនល្អទេ ផ្ទុយទៅវិញ ពួកគេច្រើនតែប្រើរូបសម្បត្តិមិនល្អជាលេស ដើម្បីបញ្ចេញអាកប្បកិរិយ៉ាអាក្រក់ដល់អ្នកដទៃ។ ខ្ញុំជឿថា មូលហេតុដែលគេធ្វើដូចនេះ ប្រហែលមកពីការកែប្រែរូបសម្បត្តិ មានភាពងាយស្រួលជាងការកែប្រែអត្តចរិកហើយ។ ប៉ុន្តែ បើយើងងាកមកចំណាយពេល និងកម្លាំង ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យើងវិញ តើយើងនឹងបានផលចំណេញខ្លាំងប៉ុណ្ណា?
ក្នុងនាមជាកូនរបស់ព្រះ សមត្ថភាពនិងចរិយ៉ាសម្បត្តិរបស់យើង មិនមែនអាស្រ័យទៅលើរូបសម្បត្តិ ដែលកាត់ទៅរកជីដូនជីតារបស់យើងនោះឡើយ។ យើងអាចថ្វាយចំណុចខ្វះខាតផ្នែករូបកាយយើងដល់ព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះអង្គកែច្នៃយើង ឲ្យក្លាយជាមនុស្សថ្មី ដែលបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។ អំណាចនៃព្រះវិញ្ញាណរបស់ព្រះ និងព្រះរាជបុត្រាព្រះអង្គកំពុងធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងផ្លាស់ប្រែឲ្យមានចរិយ៉ាសម្បត្តិដូចព្រះអង្គ(២កូរិនថូស ៣:១៨)។—Julie Ackerman Link