បទគម្ពីរមួយក្នុងចំណោមបទគម្ពីរទាំងឡាយ ដែលខ្ញុំចូលចិត្ត ដែលនិយាយអំពីការងារគឺ នេហេមា ១-២។ លោកនេហេមា ជាអ្នកបម្រើគំរូម្នាក់របស់សេ្ដចអើថាស៊ើកសេស ទើបបានជាសេ្ដចចង់ប្រទានកិត្តិយសដល់គាត់ ដោយជួយគាត់ នៅពេលទ្រង់ឃើញគាត់មានទឹកមុខព្រួយ ព្រោះតែក្រុងយេរូសាឡិម ស្ថិតនៅក្នុងសភាពបាក់បែកខូចខាតនៅឡើយ។ ស្ដេចបានសួរលោកនេហេមាថា “ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ?…តើអ្នកចង់បានអ្វី?” (នេហេមា ២:២,៤)។ គាត់មិនមែនជាអ្នកបម្រើធម្មតា របស់ស្ដេចទេ ប៉ុន្តែ គាត់ជាអ្នកថ្វាយពែង ដែលត្រូវភ្លក់ស្រារបស់ស្តេច ដើម្បីការពារស្ដេច កុំឲ្យត្រូវថ្នាំបំពុល។ ទំរាំតែទទួលបានតំណែងមួយនេះ គាត់ច្បាស់ជាបានខិតខំធ្វើការងារ និងបានថ្វាយកិត្តិនាមដល់ព្រះ ក្នុងគ្រប់ការទាំងអស់ដែលគាត់ធ្វើ។ ហើយស្ដេចក៏បានប្រទាន តាមការទូលសូមរបស់គាត់។
ព្រះទ្រង់យកព្រះទ័យទុកដាក់ នឹងរបៀបដែលយើងធ្វើការ។ ព្រះគម្ពីរកូល៉ុស ៣:២៣ ប្រាប់យើងថា “ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ”។ យើងអាចធ្វើតាមគំរូរបស់លោក នេហេមា ដោយធ្វើជាអ្នកបម្រើ ដែលមានសមត្ថភាព និងអាចទុកចិត្តបាន ដែលថ្វាយសិរីល្អដល់ព្រះ(នេហេមា ១:១១-២:៦) ហើយយកចិត្តទុកដាក់ ដោយក្តីអាណិត ចំពោះអ្នកដទៃ និងចំពោះអ្វីៗដែលសំខាន់ចំពោះពួកគេ ព្រមទាំងធ្វើកិច្ចការដ៏ចាំបាច់ ដោយយកព្រះជាទីមួយ ហើយគិតពីប្រយោជន៍របស់គ្រីស្ទបរិស័ទដទៃទៀត ទោះបីជាពេលខ្លះ យើងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក៏ដោយ(នេហេមា ២:៣-៦)។
នៅពេលដែលយើងថ្វាយកិត្តិនាមដល់ព្រះ ក្នុងពេលធ្វើការងារ នោះចៅហ្វាយរបស់យើងអាចនឹងកត់សំគាល់ អំពីចំណុចល្អរបស់យើង។ តែទោះគេមិនកត់សំគាល់ក៏ដោយ ក៏យើងត្រូវតែមានបំណងចិត្ត និងគោលបំណង ចង់ថ្វាយព្រះកិត្តិនាម ដល់ព្រះដែលយើងកំពុងធ្វើការបម្រើ ដែលព្រះអង្គជាព្រះអម្ចាស់នៃយើងរាល់គ្នា(កូល៉ុស ៣:១៧,២៣)។—Randy Kilgore