មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។
សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។
បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។
សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ ៥:៤៤)។ ការផ្ដល់ឲ្យក្តីស្រឡាញ់ដល់អ្នកឯទៀត អាចជាការលំបាក ក្នុងស្ថានភាពខ្លះ ប៉ុន្តែ យើងនៅតែអាចធ្វើទៅបាន ដោយព្រោះតែព្រះទ្រង់បានប្រទានក្តីស្រឡាញ់ដល់យើងជាមុនរួចហើយ។
ផែនការដ៏ល្អមួយសម្រាប់ជីវិតរបស់យើងក្នុងថ្ងៃនេះគឺ: ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។—Anne Cetas