យោងតាមសហព័ន្ធកីឡាបាល់បោះអន្តរជាតិបានឲ្យដឹងថា កីឡាបាល់បោះ គឺជាកីឡាដែលមានប្រជាប្រិយបំផុតលំដាប់ថ្នាក់ទីពីរក្នុងពិភពលោក ដែលមានអ្នកតាមដានទស្សនាប្រមាណ ៤៥០លាននាក់ នៅក្នុងប្រទេសទាំងឡាយជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិក ការប្រកួតប្រចាំឆ្នាំនៃសមាគមន៍ជាតិអត្តពលកម្ម ហៅកាត់ថា NCAA នៅក្នុងខែមិនា តែងតែនាំមកនូវការថ្លែងរំឭកអំពីគ្រូបង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំឡុងពេលដែលគាត់ធ្វើការ នៅឯសាកលវិទ្យាល័យកាលីហ្វូញ៉ា ក្រុងឡូសអែនជើឡេស (UCLA) អស់រយៈពេល២៧ឆ្នាំ ក្រុមរបស់គាត់ ទទួលបានជ័យជម្នៈជើងឯកថ្នាក់ជាតិចំនួន១០លើក ដែលមិនធ្លាប់មានពីមុនមក។ ទោះបីលោក ចន វូឌិន បានលាចាកលោក ក្នុងឆ្នាំ២០១០ហើយក៏ដោយ ក៏គេនៅតែចងចាំគាត់ មិនគ្រាន់តែដោយសារអ្វីដែលគាត់សម្រេចបានប៉ុណ្ណោះឡើយ តែក៏ដោយសារបុគ្គលិកលក្ខ-ណៈរបស់គាត់ផងដែរ។
លោក វូឌិន បានរស់នៅ ដោយសេចក្តីជំនឿជាគ្រីស្ទបរិស័ទ និងមានការខ្វាយខ្វល់ដ៏ពិតត្រង់ ចំពោះអ្នកដទៃ ក្នុងកន្លែងដែលគេងុបងល់នឹងការឈ្នះចាញ់។ នៅក្នុងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ ដែលមានចំណងជើងថា គេហៅខ្ញុំថាគ្រូបង្វឹក គាត់បានសរសេរថា “ខ្ញុំតែងតែព្យាយាមពន្យល់ឲ្យគេយល់ច្បាស់ថា កីឡាបាល់បោះមិនមែនជាអ្វីដែលសំខាន់បំផុតទេ។ វាគ្រាន់តែជាការសំខាន់ដ៏តូចមួយ បើប្រៀបធៀបទៅនឹងជីវិតទាំងមូលដែលយើងរស់នៅ។ មានតែជីវិតមួយបែបគត់ ដែលពិតជាមានជ័យជម្នះពិតប្រាកដមែន ហើយនោះជាជីវិតដែលបានដាក់សេចក្តីជំនឿ ក្នុងព្រះហស្តនៃព្រះអង្គសង្រ្គោះ។ បើយើងមិនមានជីវិតបែបនេះទេ នោះយើងគ្រាន់តែជា អ្នករត់ប្រណាំងក្នុងរង្វង់ ដែលចេះតែរត់គ្មានគោលដៅ។”
លោក ចន វូឌិន បានថ្វាយព្រះកិត្តិនាមដល់ព្រះ ក្នុងគ្រប់ការទាំងអស់ដែលគាត់បានធ្វើ ហើយគំរូរបស់គាត់ បានលើកទឹកចិត្តយើងឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះផងដែរ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌” (ម៉ាថាយ ៥:១៦)។—David McCasland