ពេលដែលការផ្លាស់ប្ដូរភ្លាមៗ នៃបច្ចេកវិទ្យា បានធ្វើឲ្យការងារមួយចំនួន ក្លាយជាការងារហួសសម័យ អ្នកវិទ្យាសាស្រ្តដែលមានការហ្វឹកហ្វឺនខ្ពស់ម្នាក់ បានធ្លាក់ខ្លួនមកធ្វើការ នៅក្នុងភោជនីយដ្ឋានអាហាររហ័សមួយ។ នៅពេលល្ងាចថ្ងៃមួយ បន្ទាប់ពីការសិក្សាព្រះគម្ពីរជាក្រុមចប់ គាត់បានរៀបរាប់ថា គាត់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាក ដែលមានការបន្ទាបខ្លួន។ គាត់មានប្រសាសន៍ថា “មានការល្អមួយដែលខ្ញុំចង់ចែកចាយ។ យុវជននៅក្នុងភោជនីយដ្ឋាននោះ ហាក់ដូចជាចាប់អារម្មណ៍ចំពោះសេចក្តីជំនឿរបស់ខ្ញុំណាស់។” សមាជិកម្នាក់ នៅក្នុងក្រុមយើង ក៏បានឆ្លើយតបថា “ខ្ញុំសូមសរសើរលោកដែលបន្ទាបខ្លួនដូច្នេះ។ ខ្ញុំដឹងថាសេចក្តីជំនឿរបស់លោក ច្បាស់ជាមានការអ្វីមួយបានជួយបណ្តាលឲ្យរឹងមាំហើយ។”
មានពេលមួយ ព្រះបានដកលោកភីលីព ចេញពីភារៈកិច្ច ក្នុងស្រុកសាម៉ារី(កិច្ចការ ៨:៤-៨) ហើយយកគាត់ទៅដាក់ នៅកណ្ដាលទីរហោស្ថានវិញ(ខ.២៦) ពេលនោះគាត់ប្រហែលជាឆ្ងល់អំពីបញ្ហានេះផងដែរ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានឃើញមានសាសន៍អេធីយ៉ូពីម្នាក់ កំពុងត្រូវការឲ្យគេជួយពន្យល់បទគម្ពីរសញ្ញាចាស់(ខ.២៧-៣៥) ហើយនៅពេលនោះហើយ ដែលគាត់យល់ពីមូលហេតុដែលព្រះអង្គបញ្ជូនគាត់ ឲ្យទៅកន្លែងដែលពិបាកជាងមុខ។
ពេលដែលព្រះយេស៊ូវសន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង(ម៉ាថាយ ២៨:២០ ហេព្រើរ ១៣:៥) ព្រះអង្គចង់មានន័យថា ទោះជាក្នុងពេលលំបាក ឬពេលសុខស្រួលក៏ដោយ ក៏ព្រះអង្គមិនយាងចោលយើងឡើយ។ បេសកកម្មរបស់យើង នៅក្នុងរដូវកាលដ៏លំបាកនៃជីវិត គឺត្រូវធ្វើការ ឬបំរើ ដោយចងចាំជានិច្ចថា យើងកំពុងតែធ្វើកិច្ចការនោះថ្វាយដល់ព្រះ ហើយបន្ទាប់មក ត្រូវចាំមើលព្រះធ្វើការ ដើម្បីសម្រេចបំណងព្រះទ័យរបស់ព្រះអង្គ។
សូមរកមើលព្រះ នៅក្នុងទីកន្លែងដែលអ្នកកំពុងមានការពិបាក នោះអ្នកនឹងឃើញការអ្វី ដែលព្រះអង្គកំពុងធ្វើការនៅក្នុង និងតាមរយៈលោកអ្នក នៅទីនោះ។—Randy Kilgore