មានស្លោកមួយឃ្លាពោលថា “គេអាចកាត់សេចក្តីថា យើងមានចិត្តល្អ ឬចិត្តអាក្រក់ មិនមែនដោយសារយើងមានសេចក្តីស្រឡាញ់ច្រើនប៉ុណ្ណាឡើយ តែដោយសារអ្នកដទៃបានស្រឡាញ់យើងខ្លាំងប៉ុណ្ណាទៅវិញទេ”។ ពាក្យស្លោកនោះ ត្រូវបានដកស្រង់ចេញពីខ្សែភាពយន្ត ដែលមានចំណងជើងថា មេធ្មប់នៃនគរអូហ្ស។ ខ្ញុំឃើញគេដាក់តាំងពាក្យស្លោកនោះ នៅលើជញ្ជាំងហាងលក់វត្ថុអនុស្សាវរីយ៍មួយ។ គេប្រហែលជាយល់ថារឿងមេធ្មប់នៃនគរអូហ្ស ជារឿងដ៏ល្អមួយហើយ ប៉ុន្តែ វាមិនមែនជាប្រភពនៃការបង្រៀនខាងវិញ្ញាណ ដែលយើងអាចជឿទុកចិត្តបាននោះឡើយ។ ដ្បិតព្រះទ្រង់មានសេចក្តីបង្រៀន ដែលផ្ទុយពីពាក្យស្លោកនេះ។ ព្រះអង្គបានប្រទានក្រឹត្យវិន័យធំៗពីរ គឺឲ្យស្រឡាញ់ព្រះអង្គជាទីមួយ ហើយស្រឡាញ់អ្នកដទៃ(ម៉ាកុស ១២:២៨-៣១)។ គ្មានខគម្ពីរណា ដែលបង្រៀនយើងឲ្យរំពឹងចង់បានសេចក្តីស្រឡាញ់ពីអ្នកដទៃវិញឡើយ។ តាមពិត ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូល ក្នុងសេចក្តីអធិប្បាយដ៏ល្បីបំផុតរបស់ព្រះអង្គថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។
ពេលដែលយើងនិយាយអំពីសេចក្តីស្រឡាញ់ យើងចាំបាច់ត្រូវដឹងថា : ព្រះអង្គបានស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(១យ៉ូហាន ៤:១៩)។ គឺដូចដែលលោកម៉ូសេបានប្រាប់ពួកអ៊ីស្រាអែលថា ព្រះអង្គសព្វព្រះទ័យនឹងស្រឡាញ់ពួកគេ(ចោទិយកថា ១០:១៥) ហេតុដូចនេះហើយ ពួកគេត្រូវស្រឡាញ់អ្នកដទៃ ដោយរាប់បញ្ចូលទាំងអ្នកដែលពួកគេមិនស្គាល់ផង(ខ.១៩)។ កាលណាយើងបានទទួលសេចក្តីស្រឡាញ់ពីព្រះហើយ នោះព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងនាំអ្នកដទៃ ឲ្យបានទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គផងដែរ។
ព្រះទ្រង់ជាសេចក្តីស្រឡាញ់ ដូចនេះ បើសិនជាគ្មានព្រះអង្គទេ នោះគ្មាននរណាអាចមាន ឬទទួលសេចក្តីស្រឡាញ់ដ៏ពិតឡើយ(១យ៉ូហាន ៤:៧-៨)។—Julie Ackerman Link