មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។

កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។

ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ ដោយទឹកមុខក្រៀមក្រំ និងការដែលគាត់ហាក់ដូចជាមិនព្រមប្រែចិត្តលះបង់ទ្រព្យសម្បត្តិ ដើម្បីដើរតាមព្រះយេស៊ូវ(ខ.២២)។   ពេលដែលពួកសាវ័កជជែកគ្នាឮៗ   អំពីការដែលបុរសអ្នកមាននោះ ពិបាកនឹងចូលនគរព្រះ(ខ.២៦) “ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”(ខ.២៧)។

សព្វថ្ងៃនេះ ព្រះយេស៊ូវទតមើលយើង ដោយព្រះនេត្រនៃសេចក្តីស្រឡាញ់ ហើយបានអញ្ជើញយើង ឲ្យដើរតាមព្រះអង្គ។—David McCasland