ពន្លឺភ្លើងពិលដែលបញ្ចាំងចេញ ពីឡានរបស់ប៉ូលីស បាននាំឲ្យខ្ញុំផ្តោតអារម្មណ៍ មកលើអ្នកបើកឡានម្នាក់ ដែលប៉ូលីសឲ្យគាត់អែបខាង ដោយសារគាត់បានបំពានច្បាប់ចរាចរណ៍។ ពេលដែលមន្ត្រីប៉ូលីសកាន់សៀវភៅផាកពិន័យ ដើរត្រឡប់មកឡានរបស់គាត់វិញ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថា អ្នកបើកបរកំពុងអង្គុយ ដោយភាពអៀនខ្មាស់ និងអស់សង្ឃឹម នៅពីក្រោយចង្កូតឡាន។ នាងខំខ្ទប់មុខខ្លួនឯង មិនឲ្យអ្នកដំណើរដែលបើកបរកាត់តាមនោះឃើញ ដោយសង្ឃឹមថានឹងអាចលាក់អត្តសញ្ញាណរបស់ខ្លួន។
សកម្មភាពរបស់នាងបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើយើងអាចមានការខ្មាសអៀនប៉ុណ្ណា ពេលដែលគេឃើញយើងទទួលលទ្ធផលអាក្រក់ ដោយសារការសម្រេចចិត្តខុស។ ពេលដែលគេយកស្រ្តីមានកំហុសម្នាក់ មកដាក់នៅចំពោះមុខព្រះយេស៊ូវ គេបានបង្ហាញឲ្យបណ្តាជនដឹងអំពីអំពើផឹតក្បត់ដែលនាងបានប្រព្រឹត្ត ហើយពេលនោះ បណ្តាជនមិនគ្រាន់តែឈរមើលប៉ុណ្ណោះទេ គឺថែមទាំងបានទាមទាឲ្យដាក់ទោសនាងផងដែរ ប៉ុន្តែ ព្រះយេស៊ូវបានបង្ហាញនូវសេចក្តីមេតា្តចំពោះនាង។ មានតែព្រះអង្គទេ ដែលមានសិទ្ធិកាត់ទោសអំពើបាបរបស់នាង តែព្រះអង្គបានឆ្លើយតបចំពោះនាង ដោយក្តីអាណិត។ បន្ទាប់ពីព្រះអង្គបានធ្វើឲ្យអ្នកចោទប្រកាន់ទាំងនោះ ចេញទៅអស់ហើយ ព្រះអង្គមានបន្ទូលទៅកាន់នាងថា “ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ”(យ៉ូហាន ៨:១១)។
ក្តីអាណិតរបស់ព្រះអង្គបានរំឭកយើង អំពីព្រះគុណរបស់ព្រះអង្គ ដែលអត់ទោសបាប ហើយព្រះរាជបញ្ជាដែលព្រះអង្គមានចំពោះនាង បានបង្ហាញអំពីបំណងព្រះទ័យដ៏អស្ចារ្យរបស់ព្រះអង្គ ដែលចង់ឲ្យយើងរស់នៅ ដោយអំណរនៃព្រះគុណរបស់ព្រះអង្គ។ ធាតុផ្សំទាំងពីរនេះ បានបង្ហាញអំពីជម្រៅនៃព្រះទ័យ ដែលព្រះគ្រីស្ទមានចំពោះយើង ពេលដែលយើងជំពប់ដួល។
សូម្បីតែនៅក្នុងពេលដែលយើងមានភាពអាម៉ាស់បំផុត ដោយសារកំហុសរបស់យើង ក៏យើងនៅតែអាចស្រែកអំពាវរកព្រះអង្គ ហើយរកឃើញថា ព្រះគុណព្រះអង្គពិតជាអស្ចារ្យមែន។ —Bill Crowder