លោកជីម(Jim) បានសម្រេចចិត្តដើរតាមព្រះយេស៊ូវ ពេលគាត់មានអាយុ១០ឆ្នាំ។ ១៥ឆ្នាំក្រោយមក ការប្តេជ្ញាចិត្តរបស់គាត់មានការខ្សោយទៅៗ។ គាត់បានអនុវត្តតាមទស្សនវិជ្ជា ដែលបង្រៀនឲ្យរស់នៅ សម្រាប់តែពេលបច្ចុប្បន្ន ហើយក៏ប្រែជាមានទម្លាប់អាក្រក់មួយចំនួន។ បន្ទាប់មក ជីវិតរបស់គាត់ហាក់ដូចជាជួបក្តីអន្តរាយ។ គាត់មានបញ្ហានៅកន្លែងធ្វើការ។ សមាជិកគ្រួសាររបស់គាត់៣នាក់ បានស្លាប់ស្ទើរតែក្នុងពេលតែមួយ។ លោកជីមក៏ចាប់ផ្តើមមានការភ័យខ្លាច និងការសង្ស័យ ក្នុងជីវិត ដោយគ្មានអ្វីជាទីពឹងទៀតឡើយ។ តែថ្ងៃមួយ គាត់បានអានបទគម្ពីរ ទំនុកដំកើង ១២១:២ ដែលចែងថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”។ ព្រះបន្ទូលបានចាក់ទំលុះការភ័យខ្លាច និងការភ័នច្រឡំ ដែលមានក្នុងចិត្តគាត់។ គាត់ក៏បានងាកមករកព្រះ ដើម្បីទទួលជំនួយពីព្រះអង្គ ហើយព្រះអង្គក៏បានទទួលស្វាគមន៍គាត់។
ដំណើរជីវិតខាងវិញ្ញាណរបស់លោកជីម បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលមានទំនាក់ទំនងដ៏ពិសេសជាមួយព្រះ ព្រោះពួកគេជារាស្រ្តជ្រើសតាំងរបស់ព្រះអង្គ(នេហេមា ៩:១-១៥)។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានបះបោរ និងមិនអើពើរចំពោះសេចក្តីល្អរបស់ព្រះ ដោយងាកចេញពីព្រះអង្គ ហើយដើរទៅតាមផ្លូវរបស់ខ្លួនវិញ(ខ.១៦-២១)។ តែពេលដែលពួកគេងាកមករកព្រះអង្គវិញ ហើយប្រែចិត្ត ព្រះអង្គ “បានត្រៀមខ្លួនជាស្រេច ដើម្បីអត់ទោសឲ្យពួកគេ ព្រះអង្គក៏សន្តោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ”(ខ.១៧)។
ពេលដែលយើងបានដឹងថា ព្រះអង្គមានព្រះទ័យល្អដូចនេះ យើងមានទឹកចិត្តនឹងចូលទៅក្បែរព្រះអង្គ ទោះបីជាយើងបានវង្វេងចេញពីព្រះអង្គឆ្ងាយយ៉ាងណាក៏ដោយ។ ពេលដែលយើងបន្ទាបខ្លួន ហើយលះចោលផ្លូវនៃការបះបោររបស់យើង ហើយធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងដើរតាមផ្លូវរបស់ព្រះអង្គវិញ នោះព្រះអង្គនឹងបង្ហាញចេញនូវព្រះទ័យអាណិតមេត្តា ហើយទទួលយើងឲ្យមកប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គវិញ។—Jennifer Benson Schuldt