ក្នុងឆ្នាំ១៨៦៧ ពេលដែលលោកអេរ៉ាស្មូស យ៉ាកុប(Erasmus Jacobs) មានអាយុ១៥ឆ្នាំ គាត់បានឃើញគ្រួសមួយដុំបញ្ចេញពន្លឺចែងចាំង ក្នុងកសិដ្ឋានរបស់គាត់ ក្រោមពន្លឺថ្ងៃ។ ក្រោយមក គាត់ក៏បាននិយាយប្រាប់អ្នកជិតខាងរបស់គាត់ម្នាក់ អំពីគ្រួសដ៏ចែងចាំងនោះ ធ្វើឲ្យអ្នកជិតខាងនោះចង់ទិញគ្រួសនោះ ពីគ្រួសារគាត់។ ម្តាយរបស់លោកអេរ៉ាស្មូស មិនដឹងថាវាមានតម្លៃទេ បានជាគាត់ឲ្យគ្រាប់គ្រួសនោះទៅអ្នកជិតខាងនោះ ដោយឥតគិតថ្លៃ។ ទីបំផុត អ្នកជំនាញខាងរ៉ែក៏បានពិនិត្យមើលគ្រួសមួយគ្រាប់នោះ ឃើញថា តាមពិតវាជាគ្រាប់ពេជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែលមានតម្លៃក្រៃលែង។ គេក៏បានហៅគ្រាប់ពេជ្យនោះថា “ពេជ្យយូរេកា(Eureka)” (យូរេកា ជាពាក្យភាសាក្រិក ដែលមានន័យថា “ខ្ញុំរកឃើញវា!”) មិនយូរប៉ុន្មាន ដីវាលដែលនៅក្បែរកសិដ្ឋានរបស់គាត់ ក៏បានឡើងថ្លៃកប់ពពក។ ព្រោះនៅក្រោមដីនោះ មានរ៉ែពេជ្យដ៏ច្រើនបំផុត ក្នុងប្រវត្តិនៃការរុករករ៉ែ។
យ៉ាងណាមិញ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីនគរព្រះ យ៉ាងដូចនេះថា “នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ ពេលដែលយើងដាក់ជំនឿយើង លើព្រះយេស៊ូវ នោះ“ភាពសម្បូរសប្បាយ” ខាងវិញ្ញាណ នឹងកើតមានជាមិនខាន។ ព្រះបានប្រទានយើង នូវការអត់ទោសបាប ក្នុងព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលយើងអាចរកបាន។ សព្វថ្ងៃនេះ មនុស្សទាំងអស់សុទ្ធតែអាចចាប់ផ្តើមផ្តោត ទៅលើតម្លៃនៃការក្លាយជាសមាជិកដ៏មានអំណរ នៃនគរស្ថានសួគ៌របស់ព្រះអង្គ។ សូមយើងចែកផ្សាយ អំពីការរកឃើញដ៏មានតម្លៃនេះ ដល់អ្នកដទៃ ដោយអំណរចុះ។—Dennis Fisher