ការស្តាយក្រោយ
តើអ្នកធ្លាប់ស្តាយក្រោយ បន្ទាប់ពីបានទិញទំនិញអ្វីមួយខុសដែរឬទេ? មុនពេលខ្ញុំទិញរបស់ប្រើប្រាស់ណាមួយ ខ្ញុំមានចិត្តច្រាស់ច្រាល ព្រោះខ្ញុំចង់ប្រើវាជាលើកទីមួយ។ តែបន្ទាប់ពីបានទិញរបស់នោះហើយ ជួនកាលខ្ញុំស្រាប់តែមានអារម្មណ៍ស្តាយក្រោយភ្លាម។ មានសម្លេងមួយបានសួរខ្ញុំថា តើខ្ញុំពិតជាត្រូវការរបស់នេះមែនឬ? តើខ្ញុំគួរតែចំណាយលុយ ទៅលើរបស់នោះឬទេ? ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣ យើងឃើញថា មានការស្តាយក្រោយ ជាលើកដំបូងបំផុតបានកើតឡើងចំពោះមនុស្សជាតិ។ រឿងនោះបានកើតមាន នៅពេលដែលសត្វពស់ដែលមានល្បិចកល បានបញ្ចុះបញ្ចូលនាងអេវ៉ា ឲ្យមានការសង្ស័យចំពោះព្រះបន្ទូលព្រះ(ខ.១)។ បន្ទាប់មក ពេលវាឃើញនាងមានការសង្ស័យចំពោះព្រះបន្ទូលព្រះហើយ វាក៏បាននាំឲ្យនាងសង្ស័យចំពោះបុគ្គលិកលក្ខណៈរបស់ព្រះទៀត(ខ.៤-៥)។ វាបានសន្យាថា ភ្នែកនាងនឹង “ភ្លឺឡើង” ហើយនាងនឹងបាន “ដូចជាព្រះ”(ខ.៥)។
ដូចនេះ នាងអេវ៉ាក៏បានបរិភោគផ្លែដឹងខុសត្រូវ ហើយអ័ដាំមក៏បានញាំតាម។ ហើយអំពើបាបក៏បានចូលមកក្នុងលោកិយ។ ប៉ុន្តែ អ្នកទាំងពីរ ដែលជាបុរស និងស្ត្រីដំបូង បានទទួលនូវលទ្ធផលអាក្រក់ លើសពីអ្វីដែលពួកគេចង់បានទៅទៀត។ ភ្នែកពួកគេក៏បានភ្លឺឡើង ប៉ុន្តែ ពួកគេមិនបានដូចព្រះទេ។ តាមពិត បន្ទាប់ពីមានរឿងនេះកើតឡើង អ្វីដែលពួកគេធ្វើមុនគេ គឺរត់ទៅពួន គេចចេញពីព្រះវត្តមានព្រះ(ខ.៧-៨)។
អំពើបាបនាំមកនូវផលវិបាកដ៏អាក្រក់បំផុត។ វាតែងតែព្យាយាមរារាំងមិនឲ្យយើង ទទួលបាននូវរបស់ដ៏ល្អបំផុតពីព្រះ។ ប៉ុន្តែ ព្រះបានដណ្តប់កាយរបស់អ័ដាំម និងនាងអេវ៉ា ដោយស្បែកសត្វ ដោយសេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះអង្គ(ខ.២១) ដែលជានិមត្តសញ្ញា នៃការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដោយសុគតនៅលើឈើឆ្កាង លោះបាបយើង។…
មានតម្លៃ ក្នុងព្រះនេត្រព្រះ
ពេលដែលបានទទួលដំណឹងថា មានមិត្តសំឡាញ់របស់យើងម្នាក់បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ មានបងប្អូនរួមជំនឿដ៏ឆ្លាតវ័យម្នាក់ បានផ្ញើពាក្យកម្សាន្តចិត្តមកខ្ញុំថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(ទំនុកដំកើង ១១៦:១៥)។ សេចក្តីជំនឿដ៏រឹងមាំដែលមិត្តសំឡាញ់របស់យើង មានចំពោះព្រះគ្រីស្ទ ជាលក្ខណៈសម្បត្តិដ៏សំខាន់ជាងគេ ក្នុងជីវិតរបស់គាត់ ហើយយើងដឹងថា ពេលនេះគាត់បានទៅនៅជាមួយព្រះ ក្នុងនគរស្ថានសួគ៌ហើយ។ ក្រុមគ្រួសាររបស់គាត់ ក៏បានដឹងច្បាស់ថា គាត់បានទៅនៅជាមួយព្រះអង្គ តែខ្ញុំគ្រាន់តែគិតអំពីទុក្ខព្រួយរបស់ពួកគេនៅក្នុងការបែកគ្នានេះប៉ុណ្ណោះ។ ហើយវាជាការត្រឹមត្រូវណាស់ ដែលយើងគិតអំពីអ្នកដទៃ ក្នុងអំឡុងពេលដែលពួកគេមានទុក្ខព្រួយ ឬជួបការបាត់បង់។
ប៉ុន្តែ បទគម្ពីរទំនុកដំកើង ដែលគេបានផ្ញើមកខ្ញុំនោះ បានបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យមកគិតអំពីរបៀបដែលព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការលាចាកលោករបស់មិត្តសំឡាញ់យើង។ ព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការអ្វីដែលពិតជាមានតម្លៃសម្រាប់ព្រះអង្គមែន។ នៅក្នុងការស្លាប់របស់ពួកបរិសុទ្ធ គឺមានការមួយ ដែលកម្សាន្តចិត្តយើង នៅពេលដែលយើងកំពុងសោកសង្រេង ចំពោះអវត្តមានរបស់ពួកគេ។
ត្រង់ចំណុចនេះ យើងអាចនិយាយបានម្យ៉ាងទៀតថា “ព្រះអម្ចាស់បានរាប់ការស្លាប់របស់ពួកបរិសុទ្ធ(ពួកស្ងួនភ្ញា)របស់ព្រះអង្គ ជាការដ៏មានតម្លៃ ឬសំខាន់ណាស់”។ ពុំនោះទេ យើងអាចបកស្រាយថា “កូនស្ងួនភ្ញារបស់ព្រះអង្គ គឺពិតជាមានតម្លៃចំពោះព្រះអង្គណាស់ បានជាព្រះអង្គមិនឲ្យពួកគេស្លាប់ដោយឥតន័យឡើយ”។ ព្រះទ្រង់មិនមើលងាយការស្លាប់ឡើយ។ ព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គពិតជាអស្ចារ្យ ចំពោះយើងដែលជាអ្នកជឿព្រះអង្គណាស់ បានជាការបាត់បង់ជីវិតរបស់យើង នៅលើផែនដីនេះ ជាការចំណេញដ៏អស្ចារ្យ។
ថ្ងៃនេះ យើងមើលឃើញព្រះអង្គព្រៀងៗ។ តែនៅថ្ងៃមួយ យើងបានឃើញព្រះអង្គច្បាស់ មុខទល់នឹងមុខ។-David McCasland
ការរំពឹងគិតដ៏ធំ
មានពេលមួយ ខ្ញុំបានសួរគ្រូពេទ្យប្រឹក្សាផ្លូវចិត្តម្នាក់ អំពីបញ្ហាធំៗដែលនាំឲ្យមនុស្សជាច្រើនមកសុំយោបលពីគាត់។ គាត់ក៏បានឆ្លើយតប ដោយគ្មានការអល់អែកថា “ការខកបំណង បាននាំឲ្យពួកគេប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលអនាគត។ បើសិនជាពួកគេមិនប្រញាប់ជម្នះការខកចិត្តនោះទេ នោះវានឹងលូតលាស់ក្លាយជាទៅកំហឹង និងភាពល្វីងជូរចត់នៅក្នុងចិត្ត”។ ក្នុងពេលដ៏ល្អបំផុត យើងងាយនឹងរំពឹងថា យើងនឹងបានទៅកន្លែងដ៏ល្អ ដែលមានមនុស្សល្អនៅក្បែរយើង ដែលពួកគេចូលចិត្ត ហើយសរសើរយើង។ ប៉ុន្តែ ជីវិតរបស់យើង មានឧបស័គ្គជាច្រើន ដែលធ្វើឲ្យការរំពឹងគិតនេះ ក្លាយជាការខកបំណង។ តើយើងត្រូវធ្វើដូចម្តេច?
យ៉ាងណាមិញ មានពេលមួយសាវ័កប៉ុលបានជាប់គុក ហើយមានគ្រីស្ទបរិស័ទខ្លះ ក្នុងក្រុងរ៉ូម បានព្យាយាមធ្វើឲ្យគាត់ពិបាកចិត្ត(ភីលីព ១:១៥-១៦) ប៉ុន្តែ នៅពេលនោះ គាត់នៅតែមានក្តីអំណរ ដោយគ្មានការភ្ញាក់ផ្អើលឡើយ។ គាត់យល់ថា ព្រះបានប្រទានឲ្យគាត់នូវបេសកកម្មថ្មីមួយទៀត។ ពេលគេឃុំខ្លួនគាត់នៅក្នុងផ្ទះ គាត់បានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដល់ពួកអ្នកយាម ដែលនាំឲ្យដំណឹងល្អបានចូលទៅដល់ដំណាក់របស់ស្តេចសេសា។ ទោះអ្នកប្រឆាំងនឹងគាត់ កំពុងផ្សាយដំណឹងល្អ ដោយមានគំនិតអាក្រក់មែនក្តី ក៏ការនេះបាននាំឲ្យគេបានឮដំណឹងល្អរបស់ព្រះគ្រីស្ទ ដូចនេះគាត់នៅតែមានអំណរ(ខ.១៨)។
សាវ័កប៉ុលមិនដែលរំពឹងថា នឹងបានទៅកន្លែងដ៏អស្ចារ្យណាមួយ ឬទៅកន្លែងដែលមានគេចូលចិត្តគាត់ច្រើនឡើយ។ គាត់គ្រាន់តែរំពឹងថា “ព្រះគ្រីស្ទនឹងបានដំកើងឡើង” តាមរយៈគាត់ប៉ុណ្ណោះ(ខ.២០)។ និយាយរួម គាត់មិនមានការខកចិត្តទេ។
បើសិនជាយើងរំពឹងថា យើងនឹងបាននាំអ្នកនៅក្បែរយើង ឲ្យបានស្គាល់ព្រះគ្រីស្ទ ទោះជាយើងកំពុងនៅទីណា ឬយើងកំពុងនៅជាមួយនរណាក៏ដោយ នោះការរំពឹងគិតនោះ នឹងក្លាយជាការពិត…
ល្អលើសផែនការ
ការរំខាន គឺជាការអ្វីដែលបានកើតឡើងចំពោះមនុស្សយើងជាធម្មតា។ កម្រមានថ្ងៃណា ដែលអ្វីៗមានដំណើរការ តាមផែនការណ៍របស់យើង។ ផែនការរបស់យើងច្រើនតែជួបឧបស័គ្គដែលយើងមិនអាចគ្រប់គ្រងបាន។ យើងជួបឧបស័គ្គច្រើនរាប់មិនអស់ ដែលចេះតែប្រែប្រួលពីមួយទៅមួយជានិច្ច ដូចជា ជម្ងឺ ការប៉ះទង្គិច ការស្ទះចរាចរណ៍ ការភ្លេចភ្លាំង ឧបករណ៍មានបញ្ហា ភាពអសីលធម៌ ភាពកម្ចិល ការខ្វះការអត់ធ្មត់ ការខ្វះសមត្ថភាព។ល។
ទោះបីជាយ៉ាងណាក៏ដោយ ពេលមានបញ្ហា យើងច្រើនតែមើលឃើញតែការលំបាកប៉ុណ្ណោះ គឺមិនបានឃើញប្រយោជន៍របស់វាទេ។ យើងច្រើនតែគិតថា បញ្ហាទាំងនោះ គ្មានប្រយោជន៍អ្វី ក្រៅពីបំបាក់ទឹកចិត្តយើង ធ្វើឲ្យជីវិតយើងកាន់តែពិបាក ហើយរារាំងផែនការរបស់យើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាចប្រើបញ្ហារបស់យើង ដើម្បីការពារយើង មិនឲ្យជួបគ្រោះថ្នាក់ ដែលយើងមើលមិនឃើញ ពុំនោះទេ បញ្ហានោះអាចជាឱកាស ដើម្បីបង្ហាញព្រះគុណ និងការអត់ទោសបាបរបស់ព្រះ។ វាអាចជាការចាប់ផ្តើមនៃការអ្វី ដែលល្អប្រសើរលើសអ្វីដែលយើងបានគ្រោងទុកទៅទៀត។ ទោះបញ្ហានោះជាអ្វីក៏ដោយ ទោះយើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះអង្គឲ្យការទាំងនោះកើតឡើងក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ អំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ គឺដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យកាន់តែដូចព្រះយេស៊ូវ និងដើម្បីពង្រីកនគររបស់ព្រះអង្គ នៅលើផែនដីនេះ។
បើយើងនិយាយថា ការលំបាកដែលបានកើតឡើងចំពោះរាស្រ្តរបស់របស់ព្រះ ក្នុងប្រវត្តិសាស្ត្រ ជាការខាតបង់ ដែលឥតប្រយោជន៍ នោះជាការយល់ច្រឡំហើយ។ ប៉ុន្តែ យើងត្រូវដឹងថា ព្រះអង្គមានគោលបំណង សម្រាប់បញ្ហានីមួយៗ។ ពេលយើងដឹងអំពីការនេះ…
ភាពអស្ចារ្យនៃឈើឆ្កាង
ពេលដែលខ្ញុំទៅដើរលេង នៅប្រទេសអូស្រាលី ខ្ញុំមានឱកាសមើលផ្កាយឈើឆ្កាងខាងត្បូង ក្នុងពេលយប់ដែលមានផ្ទៃមេឃស្រឡះល្អ។ ផ្កាយនេះមានទីតាំងនៅភាគខាងត្បូង។ វាស្ថិតក្នុងចំណោមផ្កាយដែលមានលក្ខណៈពិសេសបំផុត ក្នុងលំហរអាកាស។ អ្នកធ្វើដំណើរតាមសមុទ្រ និងពួកនាវិក បានចាប់ផ្តើមពឹងផ្អែកលើទីតាំងរបស់ផ្កាយនេះ ក្នុងសតវត្សរ៍ទី១៥ ក្នុងការស្វែងរកទិស និងរកផ្លូវធ្វើដំណើរក្នុងសមុទ្រ នៅពេលយប់ងងឹត។ បើធៀបជាមួយផ្កាយផ្សេងទៀត ផ្កាយនេះមិនសូវធំប៉ុន្មានទេ តែគេអាចមើលវាឃើញនៅពេលយប់ ក្នុងពេលភាគច្រើននៃឆ្នាំនីមួយៗ។ នៅពេលយប់ងងឹត ផ្កាយឈើឆ្កាងខាងត្បូងបញ្ចេញពន្លឺច្បាស់ណាស់ បានជាខ្ញុំអាចមើលវាឃើញ ទោះវានៅក្នុងកណ្តាលចំណោមផ្កាយដ៏ច្រើនក៏ដោយ។ វាពិតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមែន!
ព្រះគម្ពីរបានចែង អំពីឈើឆ្កាង ដែលមានភាពអស្ចារ្យជាងនេះទៅទៀត គឺឈើឆ្កាងនៃព្រះគ្រីស្ទ។ ពេលដែលយើងក្រឡេចមើលផ្កាយទាំងឡាយ យើងមើលឃើញស្នាព្រះហស្តដ៏ស្រស់ត្រកាល របស់ព្រះអាទិករ ប៉ុន្តែ ពេលយើងមើលទៅឈើឆ្កាង យើងមើលឃើញព្រះអង្គសង្រ្គោះ សុគតជួសមនុស្ស ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។ គឺដូចដែលបទគម្ពីរហេព្រើ ១២:២ បានប្រាប់យើងឲ្យ “រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ”។
ឈើឆ្កាងនៅកាល់វ៉ារីមានភាពអស្ចារ្យ គឺដោយសារព្រះសង្រ្គោះនៃយើងបានសុគតជួសយើង នៅពេលដែលយើងនៅមានបាបនៅឡើងផង(រ៉ូម ៥:៨)។ អ្នកដែលទទួលជឿព្រះគ្រីស្ទ គឺបានជានឹងព្រះហើយ ហើយព្រះអង្គសព្វព្រះទ័យនឹងដឹកនាំពួកគេ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ(២កូរិនថូស ១:៨-១០)។ ការលះបង់របស់ព្រះគ្រីស្ទ នៅលើឈើឆ្កាង ជាការលះបង់ដ៏អស្ចារ្យបំផុត!-Bill Crowder
ការលត់ដំក្នុងការរង់ចាំ
ការរង់ចាំ ជាការពិបាក។ ក្នុងការរស់នៅ មានការជាច្រើនដែលយើងត្រូវរង់ចាំ។ យើងឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ នៅហាងលក់ទំនិញ យើងរង់ចាំធ្វើដំណើរ នៅកន្លែងស្ទះចរាចរណ៍ យើងរង់ចាំជួបពេទ្យនៅក្នុងមន្ទីរពេទ្យ ។ល។ ពេលយើងរង់ចាំ យើងប្រហែលជាអង្គុយត្រដុសម្រាមដៃ ដោយការតប់ប្រម៉ល់ ឬស្ងាបដោយការធុញទ្រាន់ ឬមួយមានការថប់បារម្ភក្នុងចិត្ត ដោយចិត្តនឿយណាយជាដើម។ ពុំនោះទេ លើសពីនេះទៀត យើងប្រហែលជារង់ចាំទទួលសំបុត្រ ដែលគេមិនឃើញផ្ញើមកសោះ ឬរង់ចាំកូនដែលបង្ហិនទ្រព្យសម្បត្តិត្រឡប់មកវិញ ឬមួយរង់ចាំថ្ងៃដែលប្តីឬប្រពន្ធយើងប្រែចិត្ត។ យើងរង់ចាំកូន ដែលយើងអាចឱបក្នុងរង្វង់ដៃរបស់យើង។ យើងរង់ចាំពេលដែលបំណងរបស់យើងបានសម្រេច។
ក្នុងទំនុកដំកើង ជំពូក៤០ ស្តេចដាវីឌបានមានបន្ទូលថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់”។ តាមព្រះគម្ពីរដើម ជាភាសាហេព្រើ ត្រង់ចំណុចនេះ ស្តេចដាវីឌបានរង់ចាំពេលដែលព្រះឆ្លើយតបការអធិស្ឋានរបស់ទ្រង់ ដោយ “រង់ចាំព្រះអង្គហើយ រង់ចាំទៀត”។ ប៉ុន្តែ ក្រោយមក ទ្រង់ក៏បានក្រឡេកមកមើលពេលដែលព្រះបានពន្យាពេលឆ្លើយតប ហើយទ្រង់ក៏បានសរសើរដំកើងព្រះអង្គ។ ទ្រង់មានបន្ទូលថា ព្រះអង្គបាន “បណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ”(៤០:៣)។
លោកអេហ្វ ប៊ី មេយើរ(F. B. Meyer) បានមានប្រសាសន៍ថា “ជំពូកដែលនិយាយអំពីការពន្យាពេលរបស់ព្រះ ជាជំពូកដ៏ប្រសើរណាស់! ជំពូកនោះបង្ហាញអំពីអាថ៌កំបាំងនៃការអប់រំវិញ្ញាណមនុស្ស ឲ្យមានចិត្តអត់ធ្មត់ដ៏ប្រសើរបំផុត ដែលពួកគេអាចមាន”។ តាមរយៈការលត់ដំខ្លួន ក្នុងការរង់ចាំ យើងអាចមានការលូតលាស់ខាងវិញ្ញាណ ដោយមានការចុះចូល…
ថ្ងៃដ៏សាមញ្ញ
មានពេលមួយ ខ្ញុំបានទៅដើរកម្សាន្ត ក្នុងសារៈមន្ទីរ ដែលថ្ងៃនោះ គេបានតាំងពិពណ៌ក្រោមប្រធានបទ “រយៈពេលមួយថ្ងៃ ក្នុងក្រុងប៉ុមប៉េយ”។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានដឹងថា ខ្លឹមសារនៃការពិពណ៌នេះបានបង្ហាញថា មុនពេលសោកនាដកម្មកើតឡើង ក្នុងក្រុងប៉ុមប៉េយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ៧៩ នៃគ្រីស្ទសករាជ អ្វីៗគ្រប់យ៉ាងបានប្រព្រឹត្តទៅជាធម្មតា នៅពេលព្រឹកថ្ងៃនោះ។ ប្រជាជនកំពុងមានសកម្មភាពរស់នៅ និងប្រកបរបររកស៊ីជាធម្មតា នៅផ្ទះ នៅទីផ្សា និងនៅកំពង់ផែ នៃទីក្រុងប៉ុមប៉េ ដែលមានប្រជាជន ២ម៉ឺននាក់ ជាទីក្រុងដ៏សម្បូរសប្បាយ របស់ចក្រភពរ៉ូម៉ាំង។ តែនៅម៉ោង៨ព្រឹក គេឃើញមានផ្សែងតូចៗបាញ់ចេញជាបន្តបន្ទាប់ ពីភ្នំភ្លើងវេសូវាស ដែលនៅក្បែរទីក្រុងនោះ បន្ទាប់មក នៅពេលរសៀលស្រាប់តែមានបន្ទុះដ៏ធំសម្បើមមួយ បានចេញពីភ្នំភ្លើងនោះ។ មិនដល់២៤ម៉ោងផង ទីក្រុងប៉ុមប៉េយ និងប្រជាជនជាច្រើន ក្នុងទីក្រុងនេះ ត្រូវកំអែលភ្នំភ្លើងដ៏ក្រាស់កប់ពីលើទាំងរស់។ គេមិននឹកស្មានសោះថា មានរឿងនេះកើតឡើង។
យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គនឹងយាងត្រឡប់មកវិញ នៅថ្ងៃណាមួយ ពេលដែលមនុស្សម្នា កំពុងរវល់ធ្វើការរកស៊ី ខ្លះញាំអាហារជាមួយគ្នា ខ្លះកំពុងរៀបការ ដោយមិនដឹងថា មានរឿងអ្វីជិតកើតឡើងឡើយ។ “ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ”(ម៉ាថាយ ២៤:៣៧)។
មូលហេតុដែលព្រះអង្គមានបន្ទូលអំពីការនេះ គឺដើម្បីជំរុញពួកសាវ័កឲ្យមានការចាំយាម និងត្រៀមខ្លួនជានិច្ច គឺដូចដែលព្រះអង្គបានមានបន្ទូលថា…
អ្នករវល់ទៅណា?
លោកអេហ្គ័រថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជាបេសកជន ដែលបានធ្វើការបម្រើកុលសម្ព័ន្ធសុលទក នៅប្រទេសកាណាដា ក្នុងទសវត្សរ៍ឆ្នាំ១៧០០។ មេកន្ទ្រាញនៃកុលសម្ព័ន្ធនេះ បានអរគុណលោកយ៉ាំង សម្រាប់ការនាំដំណឹងល្អនៃព្រះគ្រីស្ទ មកប្រាប់ពួកគេ ដែលកាលនោះ គាត់បានស្តាប់ឮដំណឹងល្អជាលើកដំបូង ក្នុងវ័យចាស់ជរា។ ដោយសារគាត់ដឹងថា ព្រះជាព្រះវរបិតារបស់លោកយ៉ាំង ដែលគង់នៅស្ថានសួគ៌ នោះគាត់ក៏បានសួរលោកយ៉ាំងថា “តើការនេះ មានន័យថា ព្រះអង្គជាព្រះវរបិតារបស់ខ្ញុំដែរឬ?” ពេលដែលលោកបេសកជនឆ្លើយថា “បាទ” ហ្វូងមនុស្សដែលមកជួបជុំគ្នានៅក្បែរនោះ ក៏បានស្រែកហូរឡើង។
ទោះយ៉ាងណាក៏ដោយ លោកមេកន្រ្ទាញមិនទាន់និយាយចប់ទេ គាត់បានមានប្រសាសន៍ទៀតថា “ខ្ញុំមិនចង់ខ្វះការគួរសមទេ ប៉ុន្តែ ខ្ញុំយល់ថា … អ្នកហាក់ដូចជាចំណាយពេលយូរណាស់ ទំរាំតែបាន… មកប្រាប់បងប្អូនរបស់អ្នក ដែលរស់នៅក្នុងព្រៃនេះ”។ ពាក្យពេចន៍នេះ បានដក់ជាប់ក្នុងចិត្តរបស់លោកយ៉ាំងជានិច្ច។
មានពេលជាច្រើនដងហើយ ដែលខ្ញុំរវល់តែនឿយណាយនឹងការបត់ចុះឡើងៗ នៅក្នុងជីវិត ដោយគិតអំពីធនធាន សម្រាប់ឈោងចាប់អ្នកដទៃ។ បន្ទាប់មក ព្រះអង្គក៏បានដាស់តឿនខ្ញុំ ឲ្យក្រឡេចមើលជុំវិញខ្លួន ឃើញមានមនុស្សជាច្រើន ដែលមិនទាន់បានឮអំពីព្រះយេស៊ូវ។ ស្ថិតក្នុងពេលនោះ ខ្ញុំនឹកចាំថា ខ្ញុំមានរឿងមួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែលខ្ញុំទៅដល់ “ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សម្រាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា…
ខ្សែបន្ទាត់បន្ទុកនាវា
ក្នុងសតវត្សរ៍ទី១៩ គេច្រើនតែផ្ទុកឥវ៉ាន់នៅលើសំពៅលើសចំណុះ ដោយខ្វះការពិចារណា បានជាមានសំពៅជាច្រើនបានលិច ហើយនាវិកត្រូវបាត់ខ្លួន ក្នុងសមុទ្រ។ ក្នុងឆ្នាំ ១៨៧៥ ដើម្បីកែប្រែទម្លាប់នៃការថ្វេសប្រហែសនេះ លោកសែមញួល ភ្លីមសូល(Samuel Plimsoll) ដែលជាអ្នកនយោបាយនៃចក្រភពអង់គ្លេស ក៏បានផ្តួចផ្តើមគំនិតបង្កើតច្បាប់ ដើម្បីដាក់គំនូសខ្សែបន្ទាត់ នៅចំហៀងនាវាទាំងឡាយ ដើម្បីបង្ហាញឲ្យដឹងថា នាវាទាំងនោះ បានផ្ទុកទំនិញហួសកំណត់ឬអត់។ ក្រោយមក “ខ្សែបន្ទាត់បន្ទុកនាវា” ត្រូវបានគេហៅថា ខ្សែបន្ទាត់ភ្លីមសូល ដែលគេនៅតែបន្តប្រើជាគំនូសនៅលើចំហៀងនាវាសព្វថ្ងៃ។
ជួនកាល ជីវិតរបស់យើងហាក់ដូចជាមានបន្ទុក នៃការភ័យខ្លាច ទុក្ខលំបាក និងការឈឺក្បាលច្រើនពេក មិនខុសពីនាវាទាំងនោះឡើយ។ យើងថែមទាំងអាចមានអារម្មណ៍ថា យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃការលិចលង់។ ទោះបីជាយ៉ាងណាក៏ដោយ ពេលយើងស្ថិតក្នុងពេលបែបនេះ សូមយើងកម្លាចិត្តខ្លួនឯង ដោយចាំថា យើងមានប្រភពនៃជំនួយដ៏អស្ចារ្យ។ យើងមានព្រះវរបិតាដែលបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្រាលបន្ទុកយើង។ គឺដូចដែលសាវ័កពេត្រុសបានមានប្រសាសន៍ថា “ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។ ព្រះអង្គអាចដោះស្រាយបញ្ហាដែលញាំញីជីវិតយើង។
ទោះបីជាយើងប្រហែលជាគិតថា ការល្បងលក្នុងជីវិតយើង ហាក់ដូចជាបន្ទុកដែលធ្ងន់ពេក ដែលយើងមិនអាចលីរួចក៏ដោយ ក៏យើងនៅតែអាចមានការធានាទាំងស្រុងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ស្រឡាញ់យើងខ្លាំងណាស់ ហើយព្រះអង្គបានជ្រាបថា សមត្ថភាពយើងមានកំរិត។ ទោះយើងជួបបញ្ហាអ្វីក៏ដោយ…
ធ្វើឥដ្ឋដោយគ្មានចំបើង
មនុស្សជាច្រើនបានជួបបញ្ហា នៅក្នុងការងារ ដោយសារធនធានមានកំណត់។ យើងនៅតែមិនអាចសម្រាលបន្ទុករបស់យើង ដោយសារយើងមានថវិការ និងពេលវេលាតិចជាងមុនកម្លាំងយើងក៏ចុះខ្សោយ ហើយអ្នកជួយយើងក៏មានគ្នាកាន់តែតិច។ ជួនកាល បន្ទុកនោះក៏កាន់តែធ្ងន់ថែមទៀត។ ទាក់ទង់នឹងបញ្ហានេះ មានពាក្យស្លោកមួយបានពោលថា “គេឲ្យធ្វើឥដ្ឋកាន់តែច្រើន ដោយប្រើចំបើងកាន់តែតិច”។
ពាក្យមួយឃ្លានេះ សំដៅទៅលើទុក្ខវេទនារបស់សាសន៍អ៊ីស្រាអែល ពេលពួកគេកំពុងជាប់ជាទាសករ ក្នុងនគរអេស៊ីព្ទ។ កាលនោះ ស្តេចផារ៉ោនបានសម្រេចចិត្តឈប់ផ្គត់ផ្គង់ចំបើង ដល់ពួកគេ តែទ្រង់បានតម្រូវឲ្យពួកគេផលិតឥដ្ឋឲ្យបានចំនួនដដែល ជារៀងរាល់ថ្ងៃ។ ពួកគេក៏បានដើររកចំបើង ដោយខ្លួនឯង ទន្ទឹមនឹងនោះ ពួកមេតម្រួតរបស់ស្តេចផារ៉ោនបានវាយដំពួកគេ ហើយបង្ខំពួកគេឲ្យធ្វើការកាន់តែច្រើនជាងមុន(និក្ខមនំ ៥:១៣)។
ពួកអ៊ីស្រាអែលមានការបាក់ទឹកចិត្តយ៉ាងខ្លាំង បានជាពួកគេមិនព្រមស្តាប់ព្រះរាជសាររបស់ព្រះសោះឡើយ ពេលដែលព្រះអង្គមានបន្ទូលតាមរយៈលោកម៉ូសេថា ព្រះអង្គនឹងនាំពួកគេរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបម្រើគេ ព្រះអង្គនឹងលើកព្រះហស្តឡើងលោះ ពួកគេ ដោយការវិនិច្ឆ័យយ៉ាងធំ”(៦:៦)។
ទោះបីជាពួកអ៊ីស្រាអែលបដិសេធមិនព្រមស្តាប់ព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអង្គនៅតែបន្តដឹកនាំ និងបញ្ជាលោកម៉ូសេ ដោយរៀបចំខ្លួនគាត់ ឲ្យទៅចូលគាល់ស្តេចផារ៉ោន។ ព្រះអង្គនៅតែកាន់ខាងពួកអ៊ីស្រាអែល យ៉ាងខ្ជាប់ខ្ជួន ពោលគឺព្រះអង្គនៅតែសកម្មជានិច្ច នៅពីក្រោយស្ថានភាពទាំងនោះ។ យើងក៏អាចមានការធ្លាក់ទឹកចិត្ត ហើយមិនព្រមស្តាប់ការលើកទឹកចិត្ត ដូចពួកអ៊ីស្រាអែលផងដែរ។ ប៉ុន្តែ ក្នុងពេលដ៏ខ្មៅងងឹត យើងអាចមានការកម្សាន្តចិត្ត ដោយចងចាំថា ព្រះអង្គជាអ្នកប្រោសយើងឲ្យរួច(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គតែងតែជួយដោះស្រាយបញ្ហាជួសយើង សូម្បីតែនៅពេលដែលយើងមិនអាចមើលឃើញព្រះអង្គធ្វើការអ្វីខ្លះក៏ដោយ។-Jennifer Benson Schuldt