រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈទេសៈល្អ ក៏ដូចជាកាលៈទេសៈអាក្រក់ ឲ្យគាត់ជួបប្រទះ។ បទគម្ពីរយ៉ូណាស ១:៤ បានចែងថា ព្រះអម្ចាស់បានធ្វើឲ្យមានខ្យល់ព្យុះកើតឡើង។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រ”។ ពេលដែលពួកនាវិកបានដឹងថា ខ្យល់ព្យុះនេះកើតឡើង ដោយសារលោកយ៉ូណាស ពួកគេក៏បានបោះគាត់ទំលាក់ទឹក(១:១៥)។ បន្ទាប់មក ព្រះអង្គក៏បាន “បម្រុងឲ្យមានត្រី១យ៉ាងធំសម្រាប់នឹងលេបយ៉ូណាសទៅ” ដើម្បីកុំឲ្យគាត់លង់ទឹកស្លាប់(២:១)។
ក្នុងសាច់រឿងក្រោយៗមកទៀត “ព្រះអម្ចាស់ ក៏បានបម្រុងឲ្យមានដើមវល្លិដុះ” គ្រប់បាំងថ្ងៃ ឲ្យលោកយ៉ូណាសបានសម្រាកក្នុងម្លប់(៤:៦)។ បន្ទាប់មក ព្រះអង្គក៏បានរៀបចំឲ្យមានសត្វដង្កូវមកស៊ីស្លឹកវល្លិនោះ ព្រមទាំងឲ្យមានកម្តៅថ្ងៃ និងខ្យល់ដ៏ក្តៅហួតហែងបក់មកលើគាត់(៤:៧-៩)។ ព្រះបានប្រើកាលៈទេសៈទាំងនេះ ដើម្បីបង្ហាញលោកយ៉ូណាស ឲ្យបានដឹងខ្លួនអំពីអាកប្បកិរិយ៉ានៃការមិនស្តាប់បង្គាប់របស់គាត់។ ទាល់តែព្រះបានបើកសម្តែងឲ្យគាត់ភ្ញាក់ខ្លួន ទើបគាត់ប្រែចិត្តស្តាប់បង្គាប់តាមព្រះអង្គវិញ។
ទោះយើងជួបស្ថានភាពបែបណាក៏ដោយ ចូរយើងចងចាំថា ព្រះអម្ចាស់មានអំណាចធំបណ្តាច់ នៅក្នុងការអនុញ្ញាតឲ្យព្រះពរ និងបញ្ហាចូលមកក្នុងជីវិតយើង។ ព្រះអង្គសព្វព្រះទ័យនឹងប្រើអ្វីៗគ្រប់យ៉ាង ដើម្បីកសាងបុគ្គលិកលក្ខណៈយើងឲ្យបានល្អឡើង(យ៉ាកុប ១:១-៥)។ ព្រះអង្គប្រើទាំងការល្អ និងការអាក្រក់ ដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ និងដឹកនាំយើង ក្នុងដំណើរនៃជីវិត។—Dennis Fisher