មានកីឡាករផ្នែកកាយសម្ព័ន្ធ ជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះឡារីសា ឡាទីនីណា(Larisa Latynina) បានបំបែកឯកត្តកម្ម ក្នុងការប្រកួតកីឡាអូឡាំពិ ដោយទទួលបានមេដាយ ចំនួន១៨។ គាត់ឈ្នះបានមេដាយទំាងនោះ ក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នំា ១៩៥៦ ១៩៦០ និងឆ្នាំ១៩៦៤។ គាត់បានធ្វើជាម្ចាស់ឯកត្តកម្មនេះអស់រយៈពេល៤៨ឆ្នាំ រហូតដល់ពេលដែលលោកម៉ៃឃល ភែពស៍(Michael Phelps) បានជំនួសតំណែងរបស់គាត់ ដោយបំបែកឯកត្តកម្មថ្មីមួយទៀត ដោយប្រកួតបានមេដាយមាសទី១៩ ក្នុងការប្រកួតហែលទឹកសេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់ចុះឡើង៤ដង ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ នៅក្រុងឡុងប្រទេសអង់គ្លេស។ ក្រោយមកទស្សនាវដ្តីកាយសម្ព័ន្ធអន្តរជាតិ បានចេញផ្សាយថា “គេហាក់ដូចជាបានភ្លេចអ្នកស្រីឡាទីនីណាហើយ គេស្គាល់ឈ្មោះគាត់ តែនៅក្នុងប្រវត្តិនៃការប្រកួតប៉ុណ្ណោះ”។ ពេលដែលសហភាពសូវៀតដួលរំលំ “គេក៏បានឈប់នឹកចាំអំពីគាត់តែម្តង”។
យ៉ាងណាមិញ សាវ័កប៉ុលបានរំឭកយើងថា ជួនកាល គេមិននឹកចាំអំពីកិច្ចការដែលយើងបានខិតខំធ្វើឡើយ។ កីឡាករដែលប្រកួតគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែមេដាយដែលត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេដាយនោះមិនគ្រាន់តែសាបសូន្យប៉ុណ្ណោះទេ តែយូរៗទៅ គេក៏នឹងលែងនឹកចាំអំពីស្នាដៃដែលកីឡាករនោះបានសម្រេចផងដែរ។ បើសិនជាកីឡាករអាចលះបង់ខ្លាំងយ៉ាងនេះ ដើម្បីឲ្យបានរង្វាន់ក្នុងលោកិយ ដែលមិនស្ថិតស្ថេរទៅហើយ ចុះទំរំាតែយើងដែលជាអ្នកដើរតាមព្រះគ្រីស្ទវិញ តើគួរតែមានការខិតខំខ្លាំងជាងអម្បាលម្មានទៀត ដើម្បីឲ្យបានមកុដដែលមិនចេះពុកផុយ?(១ធីម៉ូថេ ៤:៨)
ការលះបង់ និងការប្តេជ្ញាចិត្តរបស់កីឡាករ នាំឲ្យពួកគេទទួលបាននូវរង្វាន់ជាមេដាយ កម្រងផ្កា និងប្រាក់ជាដើម។ ប៉ុន្តែ កូនរបស់ព្រះ នឹងបានទទួលរង្វាន់កាន់តែអស្ចារ្យជាងនេះទៅទៀត សម្រាប់ភាពស្មោះត្រង់ ដែលយើងមានចំពោះព្រះអង្គ(លូកា ១៩:១៧)។ ព្រះទ្រង់នឹងមិនដែលភ្លេចកិច្ចការដែលយើងបានធ្វើ ដោយសេចក្តីស្រឡាញ ចំពោះព្រះអង្គ ដែលបានស្រឡាញ់យើងជាមុននោះឡើយ។—C.P.Hia