ក្នុងឆ្នាំ២០១២ មានការសម្លាប់រង្គាល ក្នុងសាលារៀនមួយ ក្នុងរដ្ឋខូណែធូខាត់ ដែលបណ្តាលឲ្យកុមារ២០នាក់ និងបុគ្គលិកសាលា៦នាក់បាត់បង់ជីវិត។ ពេលនោះសហរដ្ឋអាមេរិកទាំងមូល មានការតក់ស្លត់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នេះ។ ប្រជាពលរដ្ឋទាំងឡាយបានគិតអំពីសោកនាដកម្មនេះ ហើយមានសំណួរជាច្រើនបានចោទឡើងថា ឃាតករនោះ ជាមនុស្សប្រភេទណា ដែលអាចធ្វើទង្វើដ៏ព្រៃផ្សៃយ៉ាងនេះ ហើយតើគាត់ធ្វើដើម្បីអ្វី? តើយើងអាចធ្វើដូចម្តេច ដើម្បីការពារកុំឲ្យមានហេតុការណ៍ដូចនេះ កើតឡើងទៀត?តើយើងអាចជួយអ្នកដែលបានរួចជីវិត ពីការសម្លាប់រង្គាលនោះដោយរបៀបណាខ្លះ?
ស្ថិតក្នុងពេលដ៏ច្របូកច្របល់នោះ មានក្រុមលើកទឹកចិត្តមួយក្រុម ដែលខុសពីការរំពឹងទុករបស់យើង បាននាំឲ្យមានភាពធូរស្រាលឡើង។ ក្រុមមួយនោះ ជាប្រភេទសត្វឆ្កែប្រម៉ាញ់ដ៏គួរឲ្យស្រឡាញ់ ដែលគេបានបង្វឹកយ៉ាងពិសេស ដែលធ្វើឲ្យមនុស្សមានការស្រឡាញ់ចូលចិត្តពួកវា។ សត្វឆ្កែមិនចេះនិយាយស្តីដូចមនុស្សទេ។ ពួកវាគ្រាន់តែអាចនៅកំដរប៉ុណ្ណោះ។ ក្មេងៗដែលមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារអំពើហឹង្សាដ៏តក់ស្លត់ ដែលបានកើតឡើងនៅថ្ងៃនោះ មិនបានបង្ហាញចេញនូវការភ័យខ្លាច និងអារម្មណ៍ ដល់មនុស្សធំឡើយ ប៉ុន្តែ ពួកគេបានបើកចំហរចិត្តចំពោះសត្វឆ្កែទាំងនោះ ដោយបង្ហាញចេញនូវអារម្មណ៍ទាំងនោះដល់ពួកវា។ ទាក់ទងនឹងបញ្ហានេះ លោកធីម ហេតស៍ន័រ(Tim Hetzner) ដែលជានាយកនៃអង្គការមនុស្សធម៌ពួកជំនុំលូស័ររិន បានមានប្រសាសន៍ថា “ចំណុចសំខាន់បំផុតនៃការបង្វឹកសត្វឆ្កែរទាំងនេះ គឺយើងបង្រៀនពួកវាឲ្យចេះមានភាពស្ងាត់ស្ងៀម ដើម្បីជួយអ្នកដែលកំពុងសោកសង្រេង”។
យ៉ាងណាមិញ ពេលដែលយើងសិក្សាព្រះគម្ពីរយ៉ូប យើងឃើញថា មនុស្សដែលកំពុងសោកសង្រេង មិនតែងតែត្រូវការការលើកទឹកចិត្ត ដោយពាក្យសម្តីជានិច្ចឡើយ។ ជួនកាល ពួកគេគ្រាន់តែត្រូវការនរណាម្នាក់អង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរពួកគេប៉ុណ្ណោះ ដោយរង់ចាំស្តាប់ពាក្យពេចន៍អ្វីដែលពួកគេចង់និយាយចេញ និងឱបពួកគេពេលដែលទុក្ខព្រួយរបស់ពួកគេ ប្រែក្លាយជាការខ្សិបខ្សួល។
មានពេលខ្លះ ព្រះប្រហែលជាមិនធ្វើការអ្វីមួយ ដើម្បីកែប្រែស្ថានភាពដ៏ឈឺចាប់ ហើយព្រះអង្គក៏ប្រហែលជាមិនពន្យល់ អំពីការឈឺចាប់នោះដែរ ប៉ុន្តែ ព្រះអង្គនឹងកម្សាន្តចិត្តយើង ដោយប្រើវត្តមាននៃបងប្អូនរួមជំនឿដទៃទៀត ឲ្យមករំលែកទុក្ខរបស់យើង(កូល៉ុស ៤:៨)។—Julie Ackerman Link