នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ១៨៦៣ មានបុរសដែលមានឈ្មោះល្បីពីរនាក់ បានឡើងថ្លែងសន្ទរកថា ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ទីបញ្ចុះសពយុទ្ធជន ក្នុងក្រុងហ្គេតធីស្បឺក រដ្ឋភែនស៊ីលវ៉ានា។ វាគ្មិនដ៏សំខាន់ក្នុងកម្មវិធីនោះ គឺមានលោកអេឌវើត អេវើរេត(Edward Everett) ដែលជាអតីតសមាជិកសភា អភិបាលក្រុង និងនាយកនៃសកលវិទ្យាល័យហាវើដ។ នៅសម័យនោះ គេបានចាត់ទុកលោក អេវើរេត ជាវាគ្មិនដ៏អស្ចារ្យបំផុត។ គាត់បានឡើងថ្លែងសន្ទរថា ជាផ្លូវការ ដែលមានរយៈពេល២ម៉ោង បន្ទាប់មក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ក៏បានឡើងថ្លែងសន្ទរកថា ដែលមានរយៈពេលតែ២នាទី។
សព្វថ្ងៃនេះ សន្ទរកថា របស់លោកលីនខិន នៅក្រុងហ្គេតធីស្បឺក មានភាពល្បីល្បាញ និងត្រូវបានគេដកស្រង់មកប្រើ យ៉ាងទូលំទូលាយ ខណៈពេលដែលពាក្យពេចន៍របស់លោកអេវើរេត ស្ទើរតែលែងមានគេនឹកចាំតទៅទៀត។ មូលហេតុគឺមិនគ្រាន់តែដោយសារលោកលីនខិន បានថ្លែងសន្ទរកថា ដែលមានរយៈពេលខ្លីប៉ុណ្ណោះទេ តែក៏ដោយសារ ក្នុងឱកាសថ្ងៃនោះ ពាក្យពេចន៍របស់គាត់បានប៉ះពាល់ចិត្តនៃវិញ្ញាណដែលបានរងរបួសនៃប្រជាជាតិមួយ ដែលបានបែកបាក់ដោយសារសង្រ្គាមស៊ីវិល ហើយគាត់បាននាំឲ្យប្រជាជាតិមួយនេះ មានសេចក្តីសង្ឃឹមសម្រាប់ពេលអនាគត។
ដើម្បីឲ្យពាក្យសម្តីមានន័យ យើងមិនចាំបាច់និយាយច្រើនឡើយ។ សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ស្ថិតក្នុងចំណោមសេចក្តីបង្រៀនដែលខ្លីបំផុត និងគួរឲ្យចងចាំបំផុតរបស់ព្រះអម្ចាស់យេស៊ូវ ដែលបានជួយយើង និងប្រោសយើងឲ្យជា ខណៈពេលដែលសេចក្តីអធិស្ឋាននេះ បានរំឭកយើងថា ព្រះអម្ចាស់ជាព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដែលអំណាចចេស្តារបស់ព្រះអង្គ កំពុងធ្វើការនៅលើផែនដីនេះ ក៏ដូចជានៅនគរស្ថានសួគ៌ដែរ(ម៉ាថាយ ៦:៩-១១)។ ព្រះអង្គប្រទានអាហារ ការអត់ទោសបាប និងការអត់ធ្មត់ជារៀងរាល់ថ្ងៃ(ខ.១១-១៣)។ ហើយព្រះកិត្តិនាម និងសិរីល្អទាំងអស់ជារបស់ផងទ្រង់(ខ.១៣)។ គ្មានការអ្វីដែលមាន នៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់យើង ដែលព្រះអង្គមិនបានលើកមកនិយាយ ក្នុងព្រះបន្ទូលដ៏ខ្លី ដែលជួយ និងប្រោសយើងឲ្យជានោះឡើយ។-David McCasland