កាលពីជាង៨០ឆ្នំាមុន មានក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះនៃជីវិតរបស់គាត់។ ម្តាយរបស់គាត់បានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុថា “ថ្ងៃនេះ ឃ្លែ(Clair) បានចាប់ផ្តើមជីវិតថ្មី”។
ក្មេងប្រុសម្នាក់នោះ គឺជាឪពុករបស់ខ្ញុំ។ គាត់បានហៅថ្ងៃដែលគាត់បានសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ថាជាការចាប់ផ្តើមនៃដំណើរជីវិតរបស់គាត់។ ការលូតលាស់ខាងវិញ្ញាណជាដំណើរការ ដែលមានរយៈពេល១ជីវិត គឺមិនមែនជាហេតុការណ៍ដែលកើតឡើង ក្នុងពេលតែម្តងជាសម្រេចនោះឡើយ។ ដូចនេះ តើអ្នកដែលទើបទទួលជឿព្រះ អាចមានសេចក្តីជំនឿ និងបន្តលូតលាស់ដោយរបៀបណា? ត្រង់ចំណុចនេះ មានការមួយចំនួន ដែលខ្ញុំបានសង្កេតឃើញមាន ក្នុងជីវិតរបស់ឪពុកខ្ញុំ ជាច្រើនឆ្នាំកន្លងមក។
គាត់បានអានព្រះគម្ពីរជាទៀងទាត់ ដើម្បីបង្កើនការស្វែងយល់ដឹងរបស់គាត់អំពីព្រះ ហើយគាត់បានធ្វើឲ្យការអធិស្ឋានក្លាយជាផ្នែកមួយ ដែលគាត់មិនអាចអត់បាន ក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជាការពិតណាស់ ការអានព្រះគម្ពីរ និងការអធិស្ឋានជួយឲ្យយើងមានការលូតលាស់ កាន់តែស្និទ្ធស្នាលជាមួយព្រះ ហើយអាចជម្នះការល្បួងបានផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះវិញ្ញាណបរិសុទ្ធ បានចាប់ផ្តើមបង្កើត “ផលផ្លែខាងវិញ្ញាណ” ក្នុងជីវិតរបស់គាត់ ពេលដែលគាត់ថ្វាយជីវិតដាច់ដល់ព្រះអង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី ៥:២២-២៣)។ យើងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការធ្វើបន្ទាល់ និងការបម្រើអ្នកដទៃ។
ដំណើរជីវិតខាងវិញ្ញាណរបស់យើង ជាដំណើរការដ៏វែងមួយ។ យើងពិតជាមានអភ័យឯកសិទ្ធិណាស់ ដែលយើងមានទំនាក់ទំនងដែលយើងអាច “លូតលាស់ ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអម្ចាស់ និងព្រះសង្រ្គោះនៃយើង”!(២ពេត្រុស ៣:១៨)។-Cindy Hess Kasper