អ្នកស្រីម៉ាសៀ(Marcia) ជាមិត្តភ័ក្តរបស់ខ្ញុំ គាត់ជានាយកសាលាគ្រីស្ទបរិស័ទចាម៉ៃកា ដែលជាសាលារៀនសម្រាប់ជនពិការត្រចៀក។ ថ្មីៗនេះ គាត់បានធ្វើការបង្ហាញ អំពីការស្វែងយល់អំពីបញ្ហាផ្សេងៗ តាមរបៀបដ៏សំខាន់មួយ។ នៅក្នុងព្រឹត្តិប័ត្រ ដែលគាត់បាននិពន្ធ ដែលមានចំណងជើងថា “ការចាប់ផ្តើមដ៏មានពរ” គាត់បានចង្អុលបង្ហាញថា ក្នុងរយៈពេល៧ឆ្នាំនេះ នេះជាលើកទីមួយហើយ ដែលសាលាបានចាប់ផ្តើមការបង្រៀនក្នុងឆ្នាំថ្មី ដោយមានការផ្គត់ផ្គង់លើសពីធម្មតា។ តើលើសអ្វីខ្លះ? តើវាជាការសល់ប្រាក់១ពាន់ដុល្លា នៅក្នុងធនាគារឬ? ទេ។ តើសាលារបស់គាត់ មានការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ឆ្នាំនោះឬ? ទេ។ តាមពិត សាលារៀនរបស់គាត់ គ្រាន់តែមានអាហារនៅក្នុងទូសម្រាប់រយៈពេល១ខែ។
ពេលដែលអ្នកទទួលខុសត្រូវ នៅក្នុងការចែកអាហារដល់ក្មេង៣០នាក់ ដែលកំពុងស្រេកឃ្លាន ដោយថវិការដ៏ស្តួចស្តើង នោះអាហារគ្រប់គ្រាន់សម្រាប់រយៈពេល១ខែ គឺជាអាហារច្រើនណាស់។ បន្ទាប់ពីម៉ាសៀ បានទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ សម្រាប់ក្មេងៗ និងបុគ្គលិកនៅសាលារៀន បានមួយឆ្នាំ នៅក្នុងព្រឹត្តប័ត្រនេះ នាងក៏បានដាក់ខគម្ពីរ ១របាក្សត្រ ១៦:៣៤ ដែលបានចែងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច”។
នាងមិនសូវមានការផ្គត់ផ្គង់ច្រើនទេ មិនថាតែទឹក អាហារ ឬសម្ភារៈសាលាក៏ដោយ។ តែនាងនៅតែដឹងគុណព្រះជានិច្ច សម្រាប់ការដែលព្រះអង្គបានផ្ញើរមក ហើយនាងនៅតែជឿជាក់ ដោយចិត្តស្មោះត្រង់ថា ព្រះអង្គនឹងនៅតែបន្តផ្គត់ផ្គង់ជានិច្ច។
ខណៈពេលដែលយើងកំពុងចាប់ផ្តើមឆ្នាំថ្មី តើយើងមានការជឿជាក់ លើការផ្គត់ផ្គង់របស់ព្រះឬទេ? កាលណាយើងមានជំនឿលើព្រះសង្រ្គោះ នោះយើងក៏ជឿពាក្យគ្រប់ម៉ាត់ ដែលព្រះអង្គមានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ … កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ(ម៉ាថាយ ៦:២៥,៣៤)”។-Dave Branon