មានបុរសពីរនាក់ត្រូវគេសម្លាប់ ក្នុងថ្ងៃតែមួយ ក្នុងទីក្រុងរបស់ខ្ញុំ។ បុរសទីមួយ ជាមន្រ្តីប៉ូលីស ដែលត្រូវគេបាញ់សម្លាប់ ពេលគាត់កំពុងព្យាយាមជួយគ្រួសារមួយ។ បុរសម្នាក់ទៀត ជាជនអនាថា ដែលត្រូវគេបាញ់សម្លាប់ ពេលគាត់កំពុងផឹកស៊ីជាមួយមិត្តភ័ក្តរបស់គាត់ នៅពេលព្រឹកថ្ងៃនោះ។ ប្រជាជនក្នុងទីក្រុងទាំងមូលបានកាន់ទុក្ខ ចំពោះការបាត់បង់ជីវិតរបស់មន្ត្រីប៉ូលីស។ គាត់ជាយុវជនដ៏ល្អម្នាក់ ដែលជួយយកអសារអ្នកដទៃ ហើយអ្នករស់នៅ ក្នុងតំបន់ដែលគាត់បានបម្រើការ ក៏ស្រឡាញ់គាត់ដែរ។ ទន្ទឹមនឹងនោះ មានជនអនាថាពីរបីនាក់ បានសោកសង្រេង ចំពោះបុរសអនាថាម្នាក់នោះ ដែលពួកគេបានស្រឡាញ់ និងបានបាត់បង់។ ខ្ញុំយល់ថា នៅថ្ងៃនោះ ព្រះអម្ចាស់បានសោកសង្រេង ជាមួយនឹងមនុស្សទាំងពីរក្រុមនេះដូចគ្នា។
ពេលដែលព្រះយេស៊ូវទតឃើញនាងម៉ារា និងម៉ាថា និងមិត្តភ័ក្តរបស់ពួកនាងយំ ដោយសារលោកឡាសាស្លាប់ “ទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ”(យ៉ូហាន ១១:៣៣)។ ព្រះអង្គស្រឡាញ់លោកឡាសា និងបងស្រីរបស់គាត់។ ទោះបីជាព្រះអង្គជ្រាបថា នៅពេលបន្តិចទៀត ព្រះអង្គនឹងប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ព្រះអង្គនៅតែព្រះកន្សែងជាមួយនឹងពួកគេ(ខ.៣៥)។ អ្នកជំនាងខាងព្រះគម្ពីរខ្លះ បានយល់ថា ព្រះយេស៊ូវព្រះកន្សែងនៅថ្ងៃនោះ ប្រហែលជាដោយសារព្រះអង្គយល់ពីទុក្ខវេទនារបស់មនុស្ស ដែលបណ្តាលមកពីការស្លាប់ ការឈឺចាប់ និងទុក្ខព្រួយ។
ការបាត់បង់ជាផ្នែកមួយនៃជីវិត ដែលកើតមានជាធម្មតា។ ប៉ុន្តែ ដោយសារព្រះយេស៊ូវ “ជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត”(ខ.២៥) នោះថ្ងៃណាមួយ អ្នកដែលជឿព្រះអង្គ នឹងលែងជួបការស្លាប់ និងទុក្ខព្រួយជារៀងរហូត។ សព្វថ្ងៃនេះ ព្រះអង្គយំជាមួយយើង ដោយសារការបាត់បង់ដែលយើងជួបប្រទះ ហើយក៏បានប្រាប់យើងឲ្យ “អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង”(រ៉ូម ១២:១៥)។-Anne Cetas