ការបង្រៀនក្មេងៗ ឲ្យចេះរៀបចំអាកប្បកិរិយ៉ាឲ្យបានល្អ នៅព្រះវិហារ មិនមែនជាការងាយស្រួលទេ។ ពេលយើងទៅដល់ព្រះវិហារបានប្រហែល១០នាទី យើងឃើញថា អ្វីៗមានភាពរៀបរយ តែបើខ្ញុំមិនមើលម៉ាតធ្យូ(Matthew) កូនរបស់ខ្ញុំទេ នោះក្មេងប្រុសដ៏តូចល្អិតម្នាក់នេះ នឹងធ្វើឲ្យគេយល់ថា គាត់ហាក់ដូចជាគ្មានឪពុកម្តាយនៅមើលគាត់អញ្ចឹង។ ពេលនោះ ខ្ញុំនឹងបានឃើញគាត់រត់ចុះឡើង ក្នុងបន្ទប់ថ្វាយបង្គំ។ អាវដែលគាត់បានតើនុយ នឹងរបូតពាក់កណ្តាលហើយវែនតារបស់គាត់ក៏វៀចដែរ គាត់នឹងដើរអូសស្បែកជើង ហើយនំស្រួយរបស់គាត់ នឹងធ្លាក់កំទេចចុះមករាយលើខោអាវគាត់។ បើខ្ញុំមិនមើលគាត់ទេ នោះគាត់នឹងធ្វើឲ្យមានភាពរញេរញ៉ៃមិនខានទេ។
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា តើជួនកាល យើងបង្ករឲ្យមានភាពរញេរញ៉ៃក្នុងជីវិតរបស់យើងផងដែរឬ? បន្ទាប់ពីព្រះគ្រីស្ទបានបំពាក់យើង ដោយសេចក្តីសុចរិតរបស់ព្រះអង្គហើយ យើងចេះតែវង្វេងចេញ ហើយរស់នៅតាមបែប ដែលធ្វើឲ្យគេគិតថា យើងហាក់ដូចជាមិនមែនជាកូនរបស់ព្រះអង្គអញ្ចឹង។ ហេតុនេះហើយបានជាព្រះគម្ពីរយូដាស បានសន្យាដល់យើងថា ព្រះយេស៊ូវ “អាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនិងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង”(យូដាស ១:២៤)។
តើហេតុអ្វីបានជាយើង នៅតែបន្តរស់នៅតាមរបៀប ដែលធ្វើឲ្យគេគិតថា យើងគ្មានព្រះវរបិតាដែលគង់នៅស្ថានសួគ៌? កាលណាយើងអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំជីវិតយើង តាមផ្លូវរបស់ព្រះអង្គ នោះព្រះអង្គនឹងជួយមិនឲ្យយើងជំពប់ដួល។ សូមគិតថា បើសិនជាយើងចំណាយពេលជាមួយព្រះបន្ទូលព្រះអង្គ ដើម្បីសម្អាតចិត្តយើង ដោយ “ទឹកលាងសម្អាត ដែលជាព្រះបន្ទូល” នោះតើជីវិតយើងនឹងមានភាពសុចរិតប៉ុណ្ណា?(អេភេសូរ ៥:២៦)។
យើងពិតជាមានពរណាស់ ដែលព្រះយេស៊ូវបានសន្យាថា នឹងទទួលយកជីវិតយើង ដែលចេះតែជំពប់ដួល និងរញេរញ៉ៃ ប្រយោជន៍នឹងថ្វាយយើងដល់ព្រះវរបិតា ទុកជាពួកជំនុំដែលបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន! សូមយើងរស់នៅ ឲ្យកាន់តែសមជាកូនរបស់ព្រះដ៏ជាមហាក្សត្រ ដោយឆ្លុះបញ្ចាំងឲ្យគេឃើញសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់ដែលព្រះអង្គមានចំពោះយើងរាល់គ្នា។-Joe Stowell