លោកអេហ្គ័រថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជាបេសកជន ដែលបានធ្វើការបម្រើកុលសម្ព័ន្ធសុលទក នៅប្រទេសកាណាដា ក្នុងទសវត្សរ៍ឆ្នាំ១៧០០។ មេកន្ទ្រាញនៃកុលសម្ព័ន្ធនេះ បានអរគុណលោកយ៉ាំង សម្រាប់ការនាំដំណឹងល្អនៃព្រះគ្រីស្ទ មកប្រាប់ពួកគេ ដែលកាលនោះ គាត់បានស្តាប់ឮដំណឹងល្អជាលើកដំបូង ក្នុងវ័យចាស់ជរា។ ដោយសារគាត់ដឹងថា ព្រះជាព្រះវរបិតារបស់លោកយ៉ាំង ដែលគង់នៅស្ថានសួគ៌ នោះគាត់ក៏បានសួរលោកយ៉ាំងថា “តើការនេះ មានន័យថា ព្រះអង្គជាព្រះវរបិតារបស់ខ្ញុំដែរឬ?” ពេលដែលលោកបេសកជនឆ្លើយថា “បាទ” ហ្វូងមនុស្សដែលមកជួបជុំគ្នានៅក្បែរនោះ ក៏បានស្រែកហូរឡើង។
ទោះយ៉ាងណាក៏ដោយ លោកមេកន្រ្ទាញមិនទាន់និយាយចប់ទេ គាត់បានមានប្រសាសន៍ទៀតថា “ខ្ញុំមិនចង់ខ្វះការគួរសមទេ ប៉ុន្តែ ខ្ញុំយល់ថា … អ្នកហាក់ដូចជាចំណាយពេលយូរណាស់ ទំរាំតែបាន… មកប្រាប់បងប្អូនរបស់អ្នក ដែលរស់នៅក្នុងព្រៃនេះ”។ ពាក្យពេចន៍នេះ បានដក់ជាប់ក្នុងចិត្តរបស់លោកយ៉ាំងជានិច្ច។
មានពេលជាច្រើនដងហើយ ដែលខ្ញុំរវល់តែនឿយណាយនឹងការបត់ចុះឡើងៗ នៅក្នុងជីវិត ដោយគិតអំពីធនធាន សម្រាប់ឈោងចាប់អ្នកដទៃ។ បន្ទាប់មក ព្រះអង្គក៏បានដាស់តឿនខ្ញុំ ឲ្យក្រឡេចមើលជុំវិញខ្លួន ឃើញមានមនុស្សជាច្រើន ដែលមិនទាន់បានឮអំពីព្រះយេស៊ូវ។ ស្ថិតក្នុងពេលនោះ ខ្ញុំនឹកចាំថា ខ្ញុំមានរឿងមួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែលខ្ញុំទៅដល់ “ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សម្រាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ”(រ៉ូម ១០:១២-១៣)។
សូមចាំថា យើងមិនមែនចេះតែមានរឿងសម្រាប់និយាយប្រាប់គេទេ តែរឿងអំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ជារឿងដែលល្អបំផុត ដែលគេបានដំណាលប្រាប់។-Randy Kilgore