ពេលដែលបានទទួលដំណឹងថា មានមិត្តសំឡាញ់របស់យើងម្នាក់បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ មានបងប្អូនរួមជំនឿដ៏ឆ្លាតវ័យម្នាក់ បានផ្ញើពាក្យកម្សាន្តចិត្តមកខ្ញុំថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(ទំនុកដំកើង ១១៦:១៥)។ សេចក្តីជំនឿដ៏រឹងមាំដែលមិត្តសំឡាញ់របស់យើង មានចំពោះព្រះគ្រីស្ទ ជាលក្ខណៈសម្បត្តិដ៏សំខាន់ជាងគេ ក្នុងជីវិតរបស់គាត់ ហើយយើងដឹងថា ពេលនេះគាត់បានទៅនៅជាមួយព្រះ ក្នុងនគរស្ថានសួគ៌ហើយ។ ក្រុមគ្រួសាររបស់គាត់ ក៏បានដឹងច្បាស់ថា គាត់បានទៅនៅជាមួយព្រះអង្គ តែខ្ញុំគ្រាន់តែគិតអំពីទុក្ខព្រួយរបស់ពួកគេនៅក្នុងការបែកគ្នានេះប៉ុណ្ណោះ។ ហើយវាជាការត្រឹមត្រូវណាស់ ដែលយើងគិតអំពីអ្នកដទៃ ក្នុងអំឡុងពេលដែលពួកគេមានទុក្ខព្រួយ ឬជួបការបាត់បង់។
ប៉ុន្តែ បទគម្ពីរទំនុកដំកើង ដែលគេបានផ្ញើមកខ្ញុំនោះ បានបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យមកគិតអំពីរបៀបដែលព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការលាចាកលោករបស់មិត្តសំឡាញ់យើង។ ព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការអ្វីដែលពិតជាមានតម្លៃសម្រាប់ព្រះអង្គមែន។ នៅក្នុងការស្លាប់របស់ពួកបរិសុទ្ធ គឺមានការមួយ ដែលកម្សាន្តចិត្តយើង នៅពេលដែលយើងកំពុងសោកសង្រេង ចំពោះអវត្តមានរបស់ពួកគេ។
ត្រង់ចំណុចនេះ យើងអាចនិយាយបានម្យ៉ាងទៀតថា “ព្រះអម្ចាស់បានរាប់ការស្លាប់របស់ពួកបរិសុទ្ធ(ពួកស្ងួនភ្ញា)របស់ព្រះអង្គ ជាការដ៏មានតម្លៃ ឬសំខាន់ណាស់”។ ពុំនោះទេ យើងអាចបកស្រាយថា “កូនស្ងួនភ្ញារបស់ព្រះអង្គ គឺពិតជាមានតម្លៃចំពោះព្រះអង្គណាស់ បានជាព្រះអង្គមិនឲ្យពួកគេស្លាប់ដោយឥតន័យឡើយ”។ ព្រះទ្រង់មិនមើលងាយការស្លាប់ឡើយ។ ព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គពិតជាអស្ចារ្យ ចំពោះយើងដែលជាអ្នកជឿព្រះអង្គណាស់ បានជាការបាត់បង់ជីវិតរបស់យើង នៅលើផែនដីនេះ ជាការចំណេញដ៏អស្ចារ្យ។
ថ្ងៃនេះ យើងមើលឃើញព្រះអង្គព្រៀងៗ។ តែនៅថ្ងៃមួយ យើងបានឃើញព្រះអង្គច្បាស់ មុខទល់នឹងមុខ។-David McCasland