គេថា ព្រះបានប្រទានឲ្យយើងម្នាក់ៗ មានត្រចៀកពីរ និងមាត់មួយ គឺព្រះអង្គមានហេតុផលរបស់ព្រះអង្គ។ ការមានសមត្ថភាពស្តាប់ គឺជាជំនាញដ៏ចាំបាច់សម្រាប់ការរស់នៅ។ អ្នកប្រឹក្សាយោបលប្រាប់យើង ឲ្យស្តាប់គ្នាទៅវិញទៅមក ដើម្បីឲ្យមានទំនាក់ទំនងល្អ។ អ្នកដឹកនាំខាងវិញ្ញាណប្រាប់យើង ឲ្យស្តាប់ព្រះបន្ទូលព្រះ។ ប៉ុន្តែ តើមាននរណា ដែលនិយាយប្រាប់យើងថា “ចូរស្តាប់ខ្លួនឯង?” ត្រង់ចំណុចនេះ ខ្ញុំមិនបាននិយាយថា យើងមានសម្លេងមួយ នៅខាងក្នុងចិត្តយើង ដែលតែងតែប្រាប់យើងឲ្យនិយាយអ្វីដែលត្រូវជានិច្ចឡើយ។ ហើយខ្ញុំក៏មិនបាននិយាយថា យើងមិនគួរស្តាប់ខ្លួនឯង ក្រៅពីស្តាប់ព្រះ និងអ្នកដទៃឡើយ។ ខ្ញុំចង់លើកទឹកចិត្ត ឲ្យយើងស្តាប់ខ្លួនឯង ដើម្បីឲ្យបានដឹងថា អ្នកដទៃអាចឬមិនអាចទទួលពាក្យសម្តីរបស់យើង។
ពួកអ៊ីស្រាអែលអាចអនុវត្តតាមការណែនាំដូចនេះផងដែរ នៅពេលដែលលោកម៉ូសេនំាពួកគេចេញពីនគរអេស៊ីព្ទ។ គ្រាន់តែពួកគេទទួលសេរីភាព ដោយការអស្ចារ្យរបស់ព្រះ មិនទាន់បានប៉ុន្មានថ្ងៃផង ពួកគេបាននំាគ្នារអ៊ូរទាំ(និក្ខមនំ ១៦:២)។ ការដែលពួកគេត្រូវការអាហារ គឺមិនមែនជាការខុសឆ្គងអ្វីទេ ប៉ុន្តែ ពួកគេមិនគួរបង្ហាញពីតម្រូវការនោះ ដោយការរអ៊ូរទាំឡើយ(ខ.៣)។
ពេលដែលយើងនិយាយចេញមក ដោយការភ័យខ្លាច កំហឹង ភាពល្ងង់ខ្លៅ ឬអំណួត អ្នកដែលឮយើងនិយាយ នឹងបានដឹងថា យើងកំពុងមានអារម្មណ៍បែបណា ទោះយើងនិយាយការពិត ឬកុហក់ក៏ដោយ។ ប៉ុន្តែ ពួកគេមិនដឹងទេថា អារម្មណ៍នោះ ចេញពីសេចក្តីស្រឡាញ់ ឬការខ្វល់ខ្វាយ ឬក៏ការមើលងាយ និងការមិនគោរព ដូចនេះ ពួកគេអាចមានការយល់ច្រឡំចំពោះយើង។ យើងត្រូវស្តាប់ខ្លួនឯងឲ្យបានច្បាស់ ដើម្បីឲ្យដឹងថា ខ្លួនចង់និយាយអ្វី ហើយកំពុងមានអារម្មណ៍ដូចម្តេច មុននឹងនិយាយឲ្យគេឮ ហើយយើងត្រូវដឹងថា ចិត្តរបស់យើងល្អឬមិនល្អ មុននឹងនិយាយស្តី ដើម្បីកុំឲ្យប៉ះពាល់អ្នកដទៃ ឬធ្វើឲ្យព្រះព្រួយព្រះទ័យ។-Julie Ackerman Link