ថ្ងៃមួយ លោកខូធី ខ្រេតតុន(Coty Creighton) បានដើរលេងកម្សាន្តក្នុងតំបន់ព្រៃភ្នំ នៃរដ្ឋយូតាហ៍។ ពេលនោះ គាត់ក៏បានឃើញសត្វពពែមួយក្បាល ដែលមានរូបរាង្គខុសពីពពែដទៃទៀត នៅក្នុងហ្វូង។ ពេលគាត់ចូលទៅមើលជិត ក៏បានដឹងថា សត្វពពែចំឡែកនោះ គឺជាមនុស្សប្រុសម្នាក់ ដែលបានស្លៀកពាក់ដូចសត្វពពែ។ ពួកអាជ្ញាធរក្នុងតំបន់ ក៏បានទាក់ទងគាត់ ដើម្បីសួរនាំ ហើយគាត់ក៏បានរៀបរាប់ថា គាត់បានយកអាវជាប់ខោរបស់ជាងលាបថ្នាំមកបិតរោមចៀមពីលើ ដើម្បីសាកល្បងមើល ថាតើគាត់អាចបន្លំខ្លួន នៅក្នុងការបរបាញ់សត្វបានឬអត់។
ការបន្លំខ្លួនរបស់ព្រានព្រៃម្នាក់នេះ បានក្រើនរំឭកខ្ញុំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវដែលបានប្រាប់យើងថា “ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ”(ម៉ាថាយ ៧:១៥)។ ពួកគ្រូបង្រៀនក្លែងក្លាយ មិនមានផលផ្លែខាងវិញ្ញាណរបស់ព្រះវិញ្ញាណបរិសុទ្ធទេ(កាឡាទី ៥:២២-២៣)។ ផ្ទុយទៅវិញ ពួកគេ “ដើរតាមសាច់ឈាម … ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ”(២ពេត្រុស ២:១០) គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ហើយក៏មានចិត្តលោភ(ខ.១០,១៤)។ ពួកគេធ្វើអ្វីតាមតែសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ហើយកេងប្រវ័ញ្ចអ្នកដទៃ ដោយប្រើ “ពាក្យបញ្ឆោតបំពោត”(ខ.៣)។ ព្រះគម្ពីរបានចែងថា ពួកគ្រូក្លែងក្លាយនោះ កំពុងតែដាំក្បាលចុះទៅរកសេចក្តីហិនវិនាស ហើយនឹងនាំមនុស្សជាច្រើនដែលមិនបានដឹងខ្លួន ទៅជាមួយផង(ខ.១-២)។
ព្រះយេស៊ូវជាអ្នកគង្វាលដ៏ល្អ។ ព្រះអង្គមិនបានដឹកនាំយើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ព្រះជន្មដើម្បីចៀមរបស់ព្រះអង្គ។ ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់ត្រូវពួកគ្រូក្លែងក្លាយនាំឲ្យវង្វេងឡើយ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងស្គាល់ពួកគ្រូបោកប្រាស់នោះ ហើយដើរតាមព្រះអង្គវិញ ដែលព្រះអង្គជាគ្រូគង្វាលដ៏ពិតនៃវិញ្ញាណរបស់យើង។-Jennifer Benson Schuldt