ក្នុងអំឡុងពេលខ្ញុំកំពុងធ្វើការជាគ្រូបង្រៀន និងគ្រូបង្វឹក នៅឯវិទ្យាល័យគ្រីស្ទបរិស័ទមួយ ខ្ញុំមានអំណរ នៅក្នុងការទំនាក់ទំនងជាមួយក្មេងជំទង់ ដោយព្យាយាមណែនាំពួកគេ ឲ្យរស់នៅ ឲ្យមានគោលបំណង និងមានលក្ខណៈដូចព្រះគ្រីស្ទ ដែលមានសេចក្តីស្រឡាញ់ចំពោះព្រះ និងចំពោះអ្នកដទៃ។ ខ្ញុំមានគោលដៅរៀបចំពួកគេ ឲ្យរស់នៅថ្វាយព្រះអស់មួយជីវិត។ ការនេះអាចកើតឡើងបាន ទាល់តែពួកគេធ្វើឲ្យសេចក្តីជំនឿ ក្លាយជាផ្នែកដ៏សំខាន់នៃជីវិត ដោយជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកដែលឈប់ដើរតាមព្រះគ្រីស្ទ ក៏បានជួបបរាជ័យក្នុងជីវិត បន្ទាប់ពីពួកគេបានចាកចេញពីឥទ្ធិពលនៃគ្រូបង្រៀន និងឪពុកម្តាយ ដែលជាគ្រីស្ទបរិស័ទ។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីបញ្ហានេះផងដែរ គឺនៅក្នុងរឿងស្តេចយ៉ូអាស នៃនគរយូដា និងព្រះអង្គម្ចាស់យេហូយ៉ាដា ដែលជាព្រះបិតុលារបស់ទ្រង់។ យេហូយ៉ាដាជាទីប្រឹក្សាដ៏ឆ្លាតវ័យ ហើយបាននាំស្តេចយ៉ូអាសឲ្យរស់នៅ ក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះ(២របាក្សត្រ ២៤:១១,១៤)។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាក៏បានកើតឡើង ពេលដែលស្តេចយ៉ូអាស មិនបានរស់នៅក្នុងជីវិតដែលគោរពប្រតិបត្តិព្រះ ដូចយេហូយ៉ាដា។ ពេលយេហូយ៉ាដាលាចាកលោកទៅ ស្តេចយ៉ូអាសក៏បាន “បោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា”(ខ.១៨) ហើយងាកមកថ្វាយបង្គំព្រះរបស់សាសន៍ដទៃវិញ។ ទ្រង់ក៏បានប្រែក្លាយជាមនុស្សអាក្រក់ជួរជាតិណាស់ បានជាទ្រង់ឲ្យគេសម្លាប់កូនរបស់យេហូយ៉ាដា(ខ.២០-២២)។
ការមាននរណាម្នាក់ ក្នុងជីវិតយើង សម្រាប់នាំយើងទៅរកក្តីជំនឿ និងជីវិតដែលមានលក្ខណៈដូចព្រះគ្រីស្ទ គឺពិតជាមានប្រយោជន៍ណាស់។ ហើយដែលកាន់តែប្រសើរថែមទៀតនោះ គឺនៅពេលដែលយើងរៀនស្គាល់ព្រះអម្ចាស់ដោយខ្លួនឯង ហើយរៀនពឹងផ្អែកលើការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ(កាឡាទី ៥:១៦)។ ការនេះនឹងជួយឲ្យយើងមានសេចក្តីជំនឿផ្ទាល់ខ្លួន។-Dave Brannon