នៅចុងខែតុលា ឆ្នាំ២០១២ មានខ្យល់ព្យុះកំបុតត្បូងដ៏ធំមួយ បានវាយប្រហារមកលើ តំបន់ឥសាន្តនៃសហរដ្ឋអាមេរិក ដែលមានប្រជាជនរស់នៅច្រើន ហើយបានបណ្តាលឲ្យមានទឹកជំនន់ និងមហន្តរាយដ៏ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលខ្យល់ព្យុះកំពុងបក់បោកមក មានអតិថិជនជាង៨លាននាក់ មិនមានអគ្គីសនីប្រើប្រាស់។ ការខ្វះខាតអគ្គីសនីបានបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹក និងនាំឲ្យមានការអាក់ខានផ្នែកដឹកជញ្ជូន។ ខ្យល់ដែលបក់ថ្ងួចថ្ងូរ និងទឹកដែលបានឡើងយ៉ាងឆាប់រហ័ស បានបណ្តាលឲ្យតំបន់រស់នៅរបស់ប្រជាជន មានការខូតខាត លិចទឹក និងកកស្ទះដោយសារដីខ្សាច់ជាច្រើន ដែលគរជាពំនូកធំៗ។ ពេលនោះ សារពត៌មានបានផ្សព្វផ្សាយថា “មានមនុស្សរាប់លាននាក់គ្មានអគ្គីសនីប្រើប្រាស់”។
យ៉ាងណាមិញ សោកនាដកម្មដែលកើតឡើងចំពោះខ្លួនយើងផ្ទាល់ ច្រើនតែអាចធ្វើឲ្យយើងមានអារម្មណ៍ថា អស់កម្លាំង និងដូចជាស្ថិតក្នុងភាពងងឹត គឺមិនខុសពីព្យុះកំបុតត្បូងដែលកើតមានក្នុងធម្មជាតិឡើយ។ ក្នុងពេលបែបនេះ សូមយើងគិតអំពីព្រះបន្ទូលព្រះ ដែលបានចែងថា “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។
ពេលយើងធ្លាក់ដល់ចំណុចទាបបំផុត ដោយខ្សោះអស់ទំាងកម្លាំងចិត្ត និងកម្លាំងកាយ នោះយើងអាចសង្ឃឹមដល់ព្រះអម្ចាស់ ហើយស្វែងរកកម្លាំងក្នុងព្រះអង្គ។ ព្រះអង្គបានសន្យាថា “តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”(ខ.៣១)។ ព្រះជាប្រភពនៃអំណាចខាងវិញ្ញាណរបស់យើង ក្នុងពេលព្យុះនៃជីវិត។-David McCasland