មានក្លិនខ្លះ ធ្វើឲ្យយើងមិនអាចបំភ្លេចបាន។ ថ្មីៗនេះ ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ក្រែមសម្រាប់កោរពុកមាត់គាត់ ជិតអស់ហើយ។ ខ្ញុំក៏ប្រាប់គាត់ថា “ពេលអូនទៅផ្សា អូននឹងទិញឲ្យបង”។ គាត់ក៏យកកំប៉ុងក្រែមនោះ មកសួរខ្ញុំថា “តើអូនអាចរកទិញម៉ាកនេះឲ្យបងបានទេ? បងចូលចិត្តក្លិនវា ប៉ាបងគាត់ប្រើតែម៉ាកមួយនេះឯង”។ ខ្ញុំក៏ញញឹម ដោយនឹកចាំអំពីអនុស្សាវរីយកាលពីវ័យកុមារ ដែលកាលនោះ ម្តាយរបស់ខ្ញុំចូលចិត្តប្រើសាប៊ូតែមួយម៉ាក សម្រាប់កក់សក់ឲ្យខ្ញុំ។ យើងទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែនឹកចាំអំពីមនុស្សជាទីស្រឡាញ់របស់យើង ដោយសារក្លិនដ៏ក្រអូបនៃរបស់ដែលយើងចូលចិត្តប្រើ។
លោកអូលីវើ វេដេល ហូម(Oliver Wendell Holmes) បានមានប្រសាស៍ថា “ក្លិនងាយនឹងធ្វើឲ្យមនុស្សនឹកឃើញការចងចាំ ក្តីស្រម៉ៃ អនុស្សាវរីយចាស់ៗ និងចំណងទាក់ទង បានយ៉ាងងាយជាងរស់ជាតិ ឬសម្លេង”។
ចុះបើសិនជាជីវិតយើង បានបញ្ចេញក្លិនដ៏ក្រអូប ដែលទាក់ទាញអ្នកដទៃឲ្យមករកព្រះវិញ តើប្រសើរយ៉ាងណាដែរ? ត្រង់ចំណុចនេះ បទគម្ពីរ ២កូរិនថូស ២:១៥ បានចែងថា “ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ”។ ក្លិនរបស់យើង ជាទីសព្វព្រះទ័យដល់ព្រះ ប៉ុន្តែ វាក៏ទាក់ទាញអ្នកដទៃ ឲ្យមករកព្រះអង្គ ឬទប់ទល់នឹងពួកគេ។ យើងដែលជាអ្នកដែលមានការយល់ដឹង អំពីការលះបង់របស់ព្រះយេស៊ូវ មានឱកាសធ្វើជា “ក្លិនក្រអូបនៃព្រះគ្រីស្ទ” នឹងធ្វើឲ្យគេនឹកចំាអំពីព្រះអង្គ។
ក្លិនដ៏ក្រអូបនៃការមានលក្ខណៈដូចព្រះគ្រីស្ទ អាចជាការទាក់ទាញអ្នកដទៃឲ្យមករកព្រះអង្គសង្រ្គោះ ដោយមិនអាចប្រកែកបាន។-Cindy Hess Kasper