យ៉ូអាន(Joann) បានទទួលការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ។ ប៉ុន្តែ ពេលនាងទៅរៀននៅមហាវិទ្យាល័យ នាងក៏ចាប់ផ្តើមមានការសង្ស័យចំពោះសេចក្តីជំនឿរបស់ខ្លួន ហើយក៏បានដើរចេញឆ្ងាយពីព្រះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាងក៏បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដែលនៅទីនោះ នាងតែងតែខំស្វែងរកសុភមង្គល ប៉ុន្តែ មិនដែលរកបានដូចបំណងទេ។ ពេលដែលនាងកំពុងតែជួបទុក្ខលំបាក នាងក៏បានដឹងខ្លួនថា ព្រះកំពុងតាមរកនាង ហើយនាងត្រូវការព្រះអង្គ។
យ៉ូអានក៏បានទូរស័ព្ទពីប្រទេសអាឡឺម៉ង់ ទៅឪពុកម្តាយ នៅសហរដ្ឋអាមរិក ហើយជម្រាបពួកគាត់ថា នាងបានថ្វាយជីវិតដល់ព្រះគ្រីស្ទ ហើយព្រះអង្គបានធ្វើឲ្យជីវិតនាងផ្លាស់ប្រែ! នាងបានសុំទោសពួកគាត់ ដែលបានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។ ឪពុកម្តាយរបស់នាងមានការរំភើបចិត្តណាស់ បានជាពួកគាត់ទូរស័ព្ទហៅបងប្រុស និងបងថ្លៃស្រីរបស់នាង ឲ្យមកផ្ទះពួកគាត់ភ្លាម។ ពួកគាត់ចង់ប្រាប់អ្នកទាំងពីរអំពីដំណឹងដ៏រំភើបរីករាយនោះ ដោយផ្ទាល់។ ពួកគាត់មានប្រសាសន៍ទៅកាន់ពួកគេ ទាំងអំណរលាយទឹកភ្នែកថា “ប្អូនស្រីរបស់កូនបានទទួលព្រះគ្រីស្ទហើយ!”
យ៉ាងណាមិញ ស្រ្តីដែលមានចែងក្នុងបទគម្ពីរលូកា ជំពូក១៥ បានរកឃើញកាក់ដែលនាងបានបាត់ ហើយក៏បានហៅមិត្តភ័ក្ត និងអ្នកជិតខាងឲ្យមកអរសប្បាយជាមួយនាងទាំងអស់គ្នា(ខ.៩)។ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងនេះ និងអំពីរឿងផ្សេងទៀត (ដូចជារឿងសត្វចៀមដែលបាត់ និងរឿងកូនពៅវង្វេង) ទៅកាន់បណ្តាជន ដែលជាអ្នកកាន់សាសនានៅសម័យនោះ ដើម្បីបង្ហាញពួកគេ អំពីការដែលព្រះអង្គយាងចុះមកក្នុងលោកិយ ដើម្បីស្វែងរកមនុស្សមានបាបដែលកំពុងបាត់បង់។ ពេលដែលយើងទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ ទាំងអ្នកនៅផែនដី និងអ្នកដែលនៅស្ថានសួគ៌នាំគ្នាអរសប្បាយយ៉ាងខ្លាំង។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ”(ខ.១០)។ ពិតជាអស្ចារ្យណាស់ ដែលព្រះយេស៊ូវបានយាងចុះមករកយើងរាល់គ្នា ហើយនគរស្ថានសួគ៌ក៏បានអរសប្បាយ ពេលដែលយើងឆ្លើយតបចំពោះព្រះអង្គ ដោយការប្រែចិត្ត!-Anne Cetas