នៅសហរដ្ឋអាមេរិក គេបានប្រើទឹកបរិសុទ្ធដែលគេច្រកក្នុងដប ក្នុងបរិមាណដ៏ច្រើនលើសលប់ អស់ជាច្រើនឆ្នាំមកហើយ។ មនុស្សភាគច្រើននៅទីនោះ បានទទួលការផ្គត់ផ្គង់ទឹកស្អាត ដោយឥតគិតថ្លៃ ហើយអាចបើកក្បាលរូប៊ីណេនៅផ្ទះប្រើ ហើយអាចប្រើក្បាលរូប៊ីណេទឹកស្អាត នៅទីសាធារណៈ សម្រាប់បរិភោគនៅពេលណាក៏បាន ប៉ុន្តែ ពួកគេនៅតែទិញទឹកដែលគេច្រកក្នុងដបលក់នោះដដែល។ ខ្ញុំមិនយល់ថា ខ្ញុំត្រូវចំណាយលុយ ទៅលើរបស់អ្វីដែលគេបានផ្តល់ឲ្យដោយឥតគិតថ្លៃនោះឡើយ ប៉ុន្តែ អ្នកខ្លះជឿថា ផលិតផលដែលពួកគេបានចំណាយលុយទិញ មានភាពល្អប្រសើរជាងរបស់ដែលទទួលបានដោយឥតគិតថ្លៃ។
យ៉ាងណាមិញ ជួនកាល បញ្ហានេះក៏កើតមានក្នុងជីវិតខាងវិញ្ញាណផងដែរ។ អ្នកខ្លះមានការពិបាក នៅក្នុងការសម្រេចចិត្តទទួលយកសេចក្តីសង្រ្គោះ ដោយឥតគិតថ្លៃ។ ពួកគេចង់ធ្វើអ្វីម្យ៉ាង ដើម្បីឲ្យបានសេចក្តីសង្រ្គោះ។ ប៉ុន្តែ គ្មាននរណាម្នាក់អាចបង់ថ្លៃ ដើម្បីទទួលសេចក្តីសង្រ្គោះឡើយ ព្រោះគេត្រូវបង់ថ្លៃ ដោយភាពល្អឥតខ្ចោះរបស់ខ្លួន តែគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ(ម៉ាថាយ ១៩:២១) ហើយមានតែព្រះយេស៊ូវទេ ដែលអាចបង់ថ្លៃនោះបាន(រ៉ូម ៥:១៨)។ ព្រះអង្គបានសន្យា ដល់អស់អ្នកដែលស្រេកទឹកថា ព្រះអង្គនឹង “ឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ”(វិវរណៈ ២១:៦)។
អ្នកខ្លះព្យាយាមបង់ថ្លៃយកទឹកដ៏រស់ នៃសេចក្តីសង្រ្គោះ ដោយការប្រព្រឹត្តល្អ និងការដាក់ទាន។ ទោះបីជាព្រះបានឲ្យតម្លៃ ចំពោះការប្រព្រឹត្តល្អដូចនេះក៏ដោយ ក៏ព្រះមិនបានតម្រូវឲ្យគេខំប្រព្រឹត្តល្អ ដើម្បីឲ្យបានទទួលការអត់ទោសបាបពីព្រះអង្គឡើយ។ ព្រះយេស៊ូវបានបង់ថ្លៃលោះយើង ដោយសុគតនៅលើឈើឆ្កាងជួសយើងរួចហើយ ហើយព្រះអង្គសព្វព្រះទ័យនឹងបំបាត់ការស្រេកទឹករបស់យើង ដោយឲ្យយើងទទួលទឹកដ៏រស់ ដែលបង្ហូរចេញពីព្រះអង្គ ដោយឥតគិតថ្លៃ ដែលទឹកនោះក៏មិនចេះរីងស្ងួតឡើយ។-Julie Ackerman Link