មានពេលមួយ ខ្ញុំបានជួបរឿងគួរឲ្យរំខាន់ នៅពេលព្រឹកថ្ងៃអាទិត្យ។ ខ្ញុំបានដាក់សម្ភារៈចូលទៅក្នុងឡាន សម្រាប់ប្រើនៅព្រះវិហារ តាមដែលចាំបាច់ រួចខ្ញុំក៏បានចូលអង្គុយ ទាញទ្វារបិទ ហើយក៏បើកថយក្រោយ ចេញពីកន្លែងដាក់ឡាន។ ពេលដែលខ្ញុំមិនទាន់បានអង្គុយបើកបរស្រួលបួលផង ឡានរបស់ខ្ញុំបន្លឺសម្លេងរោទ៍ឲ្យខ្ញុំដឹងថា ខ្ញុំបានភ្លេចពាក់ខ្សែក្រវ៉ាត់ហើយ។ ខ្ញុំមិនទាន់ចង់ពាក់ខ្សែក្រវ៉ាត់ភ្លាមៗទេ គឺចង់ពន្យាពេលមួយនាទីទៀត។ តែឡានរបស់ខ្ញុំនៅតែមិនព្រមឲ្យខ្ញុំពន្យាពេល ទាល់តែខ្ញុំពាក់ខ្សែក្រវ៉ាត់ហើយ ទើបវាឈប់រោទ៍។ ដូចនេះ ឡានរបស់ខ្ញុំពិតជាគ្មានការលើកលែងមែន។
យ៉ាងណាមិញ ការរំខានដ៏តូចនេះក៏បានក្រើនរំឭកយើងផងដែរថា ជីវិតយើងនឹងទៅជាយ៉ាងណា បើសិនព្រះគ្មានព្រះគុណ ដែលលើកលែងទោសបាបឲ្យយើងទេនោះ។ បើសិនជាគ្មានព្រះគុណទេ នោះយើងរាល់គ្នានឹងត្រូវទទួលការជំនុំជម្រះ សម្រាប់អំពើបាបទាំងអស់ដែលយើងមាន។ បើគ្មានព្រះគុណរបស់ព្រះទេ នោះយើងក៏គ្មានឱកាសសារភាពបាប ឬកែប្រែអត្តចរិកដែរ ហើយក៏គ្មានការអត់ទោសបាប សេចក្តីមេត្តាករុណា និងក្តីសង្ឃឹមឡើយ។
ជួនកាល ការរស់នៅក្នុងលោកិយនេះ ប្រៀបបាននឹងការធ្លាក់ចូលទៅក្នុងរណ្តៅដ៏សែនជ្រៅ ដែលគ្មានមេត្តា។ តាមធម្មតា យើងមានអារម្មណ៍ថាខ្លួនឯងមានកំហុស ដែលជាបន្ទុកដ៏ធ្ងន់ ពេលដែលកំហុសដ៏តូចត្រូវគេបំប៉ោងឲ្យក្លាយជាធំ ឬពេលដែលគេមិនព្រមមើលរំលងកំហុសដ៏តូចរបស់យើង។ ប៉ុន្តែ ព្រះដែលប្រកបដោយព្រះគុណ បានចាត់ព្រះយេស៊ូវឲ្យយាងចុះមកទទួលបន្ទុកជួសយើង។ អ្នកដែលទទួលអំណោយនៃព្រះគុណព្រះ មានអភ័យឯកសិទ្ធិ នៅក្នុងការនាំអ្នកដទៃ ឲ្យទទួលអំណោយនៃព្រះគុណ។ គឺដូចដែលមានសេចក្តីចែងថា “មុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។-Julie Ackerman Link