លោកបូអ៊ីសៀស(Boethius) ជាអ្នកនយោបាយដ៏ស្ទាត់ជំនាញម្នាក់ ដែលធ្វើការងាររាជការ នៅប្រទេសអ៊ីតាលី ក្នុងសតវត្សរ៍ទី៦។ តែគួរឲ្យស្តាយណាស់ ដែលគាត់បានធ្វើឲ្យស្តេចមិនគាប់ព្រះទ័យ។ គេបានចោទប្រកាន់ថា គាត់ក្បត់ជាតិ ហើយក៏បានចាប់គាត់ដាក់គុក។ ខណៈពេលដែលគាត់កំពុងរង់ចាំការកាត់ទោសប្រហារជីវិត គាត់ក៏បានសុំឲ្យគេយកក្រដាស និងស្លាបប៉ាកកាមក ដើម្បីឲ្យគាត់សរសេរអំពីគំនិតរបស់គាត់។ ក្រោយមក អ្វីដែលគាត់បានសរសេរនៅពេលនោះ ក៏បានក្លាយជាការលើកទឹកចិត្តខាងវិញ្ញាណរហូតមកដល់ពេលសព្វថ្ងៃ។
ពេលដែលលោកបូអ៊ីសៀសកំពុងអង្គុយនៅក្នុងគុក សញ្ជឹងគិតអំពីស្ថានភាពដ៏អស់សង្ឃឹម គាត់ក៏បានឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿលើព្រះគ្រីស្ទ ដោយសរសេររៀបរាប់អំពីទស្សនៈរបស់គាត់ យ៉ាងដូចនេះថា “ក្នុងលោកនេះ គ្មានអ្វីដែលវេទនាទេ។ បើយើងគិតថា យើងវេទនា គឺវេទនាហើយ ហើយបើយើងគិតថា យើងមានអំណរ គឺយើងមានអំណរ។ ក្តីអំណរមានក្នុងស្ថានភាពនីមួយៗ ឲ្យតែយើងមានចិត្តស្កប់ នៅក្នុងស្ថានភាពនោះ”។ ត្រង់ចំណុចនេះ គាត់ដឹងថា យើងអាចសម្រេចចិត្តមានទស្សនៈវិជ្ជមាន ឬអវិជ្ជមាន និងមានការស្កប់ចិត្តឬអត់ នៅក្នុងស្ថានភាពដែលកំពុងប្រែប្រួល។
សាវ័កប៉ុលបានបកស្រាយ អំពីទស្សនៈនេះកាន់តែច្បាស់ថែមទៀតថា ភាពស្កប់ចិត្តដែលយើងមានក្នុងស្ថានភាពនីមួយៗ គឺសំខាន់ជាងស្ថានភាពរបស់យើង។ ពេលដែលគាត់កំពុងជាប់គុក គាត់បានសរសេរក្នុងសំបុត្រថា គាត់បានរៀនឲ្យមានសេចក្តីសន្តោស ឬការស្កប់ចិត្ត ក្នុងស្ថានភាពទាំងអស់(ភីលីព ៤:១១)។ មនុស្សទាំងអស់សុទ្ធតែអាចមានការស្កប់ចិត្ត ព្រោះពួកគេអាចរកឃើញការស្កប់ចិត្ត នៅក្នុងព្រះ ដែលព្រះអង្គមិនចេះប្រែប្រួលឡើយ។
តើអ្នកមានអារម្មណ៍ថា កំពុងជាប់ច្រវ៉ាក់ក្នុងស្ថានភាពដ៏ពិបាកឬទេ? ព្រះអង្គអាចជួយឲ្យអ្នកមានចិត្តស្កប់បាន។ គេអាចរកការស្កប់ចិត្តដ៏ស្ថិតស្ថេរបាន តែនៅក្នុងអង្គព្រះយេស៊ូវប៉ុណ្ណោះ ដ្បិតព្រះវត្តមានព្រះអង្គ “មានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់ មានសេចក្តីអរសប្បាយជាដរាបតទៅ”(ទំនុកដំកើង ១៦:១១)។-Dennis Fisher