ពេលខ្ញុំកំពុងធ្វើដំណើរតាមរថភ្លើង កាត់តាមទីវាលដ៏មានជីជាតិ នៅតាមបណ្តោយឆ្នេរនៃតំបន់មីឈីហ្គិនខាងលិច ខ្ញុំបានឃើញរុក្ខជាតិទាំងឡាយបានចាប់ផ្តើមចេញផ្លែ បន្ទាប់ពីរដូវផ្ការីកទើបតែបានប្រែទៅជារដូវក្តៅ។ កសិករកំពុងលត់ជង្គង់នៅលើទឹកសន្សើមនាពេលព្រឹក ដើម្បីបេះផ្លែស្រ្តបឺរីដែលបានទំហើយ។ ដើមប្លូបឺរី ដែលដុះជាគុម្ពៗ កំពុងតែទទួលពន្លឺថ្ងៃដែលបានបញ្ចេញពីលើមេឃមក ហើយកំពុងស្រូបយកជីវជាតិពីក្នុងដី។ បន្ទាប់ពីធ្វើដំណើរកាត់តាមចំការ ដែលមានផ្លែឈើទុំ យើងក៏បានទៅដល់គំនរច្រេះចាប់ ដែលមានលោហធាតុដែលគេបោះបង់ចោល។ រូបភាពដ៏អាក្រក់នៃដែកច្រេះពណ៌ក្រហមមួយគំនរធំនៅលើដី គឺផ្ទុយពីទេសភាពចំការពណ៌បៃតងខ្ចី ដែលមានរុក្ខជាតិលូតលាស់។ ដែកច្រេះចាប់ទាំងនោះត្រូវគេទុកចោលមិនអាចបង្កើតផលអ្វី តែផ្ទុយទៅវិញ ផ្លែឈើដែលបានធំឡើង ហើយទុំ បានក្លាយជាអាហារដ៏មានជីវជាតិសម្រាប់មនុស្សដែលស្រេកឃ្លាន។
ភាពខុសគ្នារវាងផ្លែឈើ និងដែកច្រេះចាប់នោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីបទទំនាយ ដែលព្រះបានមានបន្ទូល អំពីទីក្រុងទាំងឡាយ ដែលមានដូចជាទីក្រុងដាម៉ាសជាដើម(មើល អេសាយ ១៧:១,១១)។ ព្រះអង្គមានបន្ទូលថា “ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង … ព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស”(ខ.១០-១១)។
បទទំនាយនេះក៏បានផ្តល់ការដាស់តឿនដល់មនុស្សសម័យបច្ចុប្បន្ន អំពីគ្រោះថ្នាក់ និងភាពឥតប្រយោជន៍នៃការគិតថា យើងអាចបង្កើតផលផ្លែអ្វីមួយ ដោយខ្លួនឯងបាន។ បើយើងដាច់ចេញចេញពីព្រះ នោះកិច្ចការដែលដៃយើងបានធ្វើ នឹងក្លាយជាគំនរបាក់បែក។ ប៉ុន្តែ ពេលដែលយើងចូលរួមជាមួយព្រះ នៅក្នុងកិច្ចការ ដែលព្រះហស្តព្រះអង្គធ្វើ ព្រះអង្គនឹងប្រទានពរឲ្យយើងបានទទួលផលច្រើនជាពហុគុណ ហើយផ្តល់នូវការចំអែតខាងវិញ្ញាណដល់មនុស្សជាច្រើន។-Julie Ackerman Link