កោះម៉ន់ សង់ មីកែល ជាកោះដែលមានទឹកជោរដ៏គ្រោះថ្នាក់ ដែលមានទីតាំងប្រហែលជិតមួយគីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្តនរមែនឌី ប្រទេសបារាំង។ កោះមួយនេះបានធ្វើជាព្រះវិហារ និងកន្លែងស្នាក់នៅរបស់សង្ឃកាតូលិក អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ហើយក៏បានទាក់ទាញអ្នកធ្វើធម្មយាត្រាជាច្រើនឲ្យមកទីនោះ។ មុនពេលគេធ្វើស្ពានដ៏វែងសម្រាប់ឆ្លងទៅកោះនោះ គេបានឮល្បីថា ផ្លូវទៅកាន់កោះនោះមានគ្រោះថ្នាក់ណាស់ បានជាមានអ្នកធម្មយាត្រាខ្លះបានបាត់បង់ជីវិត។ នៅពេលទឹកនាច កោះនោះត្រូវបានហ៊ុមព័ទ្ធដោយច្រាំងខ្សាច់ជាច្រើន ហើយពេលទឹកជោរ កោះនោះត្រូវបានហ៊ុមព័ទ្ធដោយទឹក បានជាគេមានការភ័យខ្លាចនៅក្នុងការឆ្លងទៅរកកោះនោះ។
នៅសម័យគ្រាសញ្ញាចាស់ ជនជាតិយូដាមានការភ័យខ្លាច នៅក្នុងការចូលទៅរកព្រះ។ ពេលដែលព្រះអង្គមានបន្ទូលជាផ្គរលាន់ នៅលើភ្នំស៊ីណៃ ពួកបណ្តាជនមានការភ័យខ្លាច មិនហ៊ានចូលទៅក្បែរព្រះអង្គ(និក្ខមនំ ១៩:១០-១៦)។ ក្រោយមក ព្រះអង្គក៏បានអនុញ្ញាត ឲ្យពួកគេចូលទៅចំពោះព្រះអង្គ តាមរយៈសម្តេចសង្ឃ ដោយអនុវត្តតាមក្រឹត្យវិន័យដ៏ជាក់លាក់មួយចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយសេចក្តីស្លាប់អាចកើតមានភ្លាមៗ ចំពោះអ្នកដែលច្រឡំប៉ះហិបនៃសេចក្តីសញ្ញា ដែលតំណាងឲ្យព្រះវត្តមានដ៏បរិសុទ្ធ របស់ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។
ប៉ុន្តែ ដោយសារការសុគត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះយើងអាចចូលទៅជិតព្រះ ដោយគ្មានការភ័យខ្លាច។ ព្រះយេស៊ូវបានបង់ថ្លៃលោះបាបយើងចប់សព្វគ្រប់ហើយ ហើយព្រះអង្គបានអញ្ជើញយើងឲ្យចូលក្នុងព្រះវត្តមានព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើ ៤:១៦)។
ដោយព្រោះព្រះយេស៊ូវ នោះយើងអាចចូលទៅរកព្រះ តាមរយៈការអធិស្ឋាន ទោះជានៅទីណា និងនៅពេលណាក៏ដោយ ដោយគ្មានការភ័យខ្លាច។-Dennis Fisher