ពេលដែលលោកហ្វ័រនែនដូ អរតេហ្កា(Fernando Ortega) ច្រៀងបទ “ខ្ញុំមកថ្វាយខ្លួន” (ក្នុងសៀវភៅចម្រៀងទំនុកដំកើង លេខ ២០១) គេអាចឮសម្លេងលោកប៊ីលលី ក្រាហាំ(Billy Graham) ច្រៀងអមពីក្រោយ។ លោកបណ្ឌិតក្រាហាំបានរំឭកអំពីជម្ងឺ ដែលគាត់មានកាលពីមុន។ កាលនោះ គាត់គិតថា គាត់នឹងត្រូវស្លាប់ដោយសារជម្ងឺនោះ។ ពេលដែលគាត់រំឭកអំពីអតីតកាល គាត់ក៏បានដឹងថា គាត់ជាមនុស្សមានបាបខ្លាំងណាស់ ហើយគាត់ក៏ដឹងផងដែរថា គាត់ត្រូវការការអត់ទោសបាបរបស់ព្រះខ្លាំងប៉ុណ្ណា ជារៀងរាល់ថ្ងៃ។
ត្រង់ចំណុចនេះ លោកប៊ីលលី ក្រាហាំចង់ឲ្យយើងឈប់គិតថា យើងអាចរស់នៅ ដោយគ្មានព្រះ។ យើងប្រហែលជាគិតថា យើងគ្មានបញ្ហាអ្វីទេ ប៉ុន្តែ យើងត្រូវដឹងថា យើងជាកូនរបស់ព្រះ ដែលព្រះអង្គបានស្រឡាញ់យ៉ាងក្រៃលែង(យ៉ូហាន ៣:១៦)។
ជំហានទីមួយ ដើម្បីក្លាយជាគ្រីស្ទបរិស័ទដ៏ពិត ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ គឺយើងត្រូវឈប់កុហក់ខ្លួនឯងថា យើងអាចក្លាយជាមនុស្សល្អ ដោយពឹងអាងសមត្ថភាពខ្លួនឯង ហើយត្រូវទូលសូមឲ្យព្រះអង្គកែប្រែយើង ឲ្យក្លាយជាមនុស្សល្អ តាមបំណងព្រះទ័យព្រះអង្គ។ យើងនឹងបរាជ័យ បើយើងប្រឹងធ្វើជាមនុស្សល្អដោយពឹងអាងខ្លួនឯង តែព្រះអង្គអាចជួយឲ្យយើងលូតលាស់ ហើយកែប្រែជីវិតយើងបាន។ ព្រះទ្រង់ស្មោះត្រង់ ដូចនេះ ព្រះអង្គនឹងកែប្រែជីវិតយើង ឲ្យត្រូវតាមពេលវេលា និងតាមផែនការរបស់ព្រះអង្គ។
លោកចន ញូតុន(John Newton) ដែលជាអ្នកនិពន្ធបទ “ព្រះគុណអស្ចារ្យ” បានមានជម្ងឺបាត់ការចងចាំ ពេលគាត់មានវ័យចាស់ជរា តែទោះគាត់បាត់បង់ការចងចាំយ៉ាងណាក៏ដោយ ក៏គាត់នៅតែអាចមានប្រសាសន៍ថា “ខ្ញុំនៅចាំការពីរយ៉ាង ទីមួយ ខ្ញុំជាមនុស្សមានបាបខ្លាំងណាស់ ហើយទីពីរ ព្រះយេស៊ូវជាព្រះសង្រ្គោះដ៏ធំប្រសើរ”។ ការទាំងពីរដែលគាត់បាននិយាយនោះ ជាគោលនៃសេចក្តីជំនឿ ដែលមនុស្សម្នាក់ៗត្រូវដឹង។-David Roper