មានពេលមួយ ខ្ញុំបានទស្សនាសត្វឆ្កែ ឈ្មោះត្រេវរ(Trevor) កំពុងសម្តែងនៅលើឆាក នៅក្នុងកម្មវិធីការតាំងបង្ហាញសត្វឆ្កែនៅក្បែរផ្ទះខ្ញុំ។ វាជាពូជឆ្កែតឿរបស់ជនជាតិវេលស៍។ វាបានរត់ជាច្រើនម៉ែត្រ ចេញទៅហើយត្រឡប់មកវិញ តាមបញ្ជារបស់ម្ចាស់វា វាបានលោតរំលងរបង ហើយវាទៅរកវត្ថុផ្សេងៗ ដោយប្រើច្រមុះតាមហិតក្លិន។ បន្ទាប់ពីបញ្ចប់វគ្គនីមួយៗហើយ វាមកអង្គុយនៅក្បែរជើងម្ចាស់វា ហើយរង់ចាំការបញ្ជាបន្ទាប់ទៀត។
ពេលខ្ញុំឃើញសត្វឆ្កែត្រេវរស្តាប់តាមបង្គាប់របស់ម្ចាស់វា យ៉ាងប្រុងប្រយ័ត្នដូចនេះ ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះទ្រង់ សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គមានការប្តេជ្ញាចិត្តចំពោះព្រះអង្គ ក្នុងអំឡុងពេលដែលពួកគេកំពុងដើរតាមព្រះអង្គ កាត់វាលរហោស្ថាន។ ព្រះទ្រង់ដឹកនាំ តាមរបៀបដ៏វិសេស។ ព្រះវត្តមានព្រះអង្គបានបង្ហាញចេញមកជាពពក។ បើសិនជាពពកហោះឡើងលើ គឺមានន័យថា ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គផ្លាស់ទី ទៅតំបន់ផ្សេងទៀត។ បើពពកចុះមកក្រោម ពួកគេត្រូវនៅមួយកន្លែង។ គឺដូចដែលមានសេចក្តីចែងថា “គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ”(ជនគណនា ៩:២៣)។ ពួកអ៊ីស្រាអែលបានអនុវត្តតាមរបៀបនេះ ជារៀងរាល់យប់ថ្ងៃ ទោះបីជាពួកគេត្រូវឈប់សម្រាកនៅកន្លែងណាមួយ យូរប៉ុណ្ណាក៏ដោយ។
កាលនោះ ព្រះអង្គមិនគ្រាន់តែកំពុងល្បងលពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដឹកនាំពួកគេ ទៅកាន់ទឹកដីសន្យា(១០:២៩)។ ព្រះអង្គសព្វព្រះទ័យនឹងនាំពួកគេ ទៅកន្លែងដែលល្អជាងមុន។ ដូចនេះ ពេលព្រះអង្គឲ្យយើងដើរតាមព្រះអង្គ ព្រះអង្គក៏មានព្រះទ័យដូចនេះផងដែរ។ ព្រះអង្គសព្វព្រះទ័យនឹងនាំយើង ទៅកន្លែងដែលយើងនឹងមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាថា ព្រះអង្គមានក្តីស្រឡាញ់ និងស្មោះត្រង់នៅក្នុងការដឹកនាំអ្នកដែលដើរតាមព្រះអង្គ ដោយបន្ទាបខ្លួន។-Jennifer Benson Schuldt