នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។
ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។
ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់ តាមរយៈការអ្វីដែលព្រះយេស៊ូវបានធ្វើ។-Dennis Fisher