នៅក្នុងរឿងដឺហូប៊ីត ដែលជាស្នាដៃនិពន្ធរបស់លោកយេ អរ អរ ធូលគិន(J. R. R. Tolkien) លោកហ្គនដល(Gandalf) បានពន្យល់ពីមូលហេតុដែលគាត់បានជ្រើសរើសពួកហូប៊ីតមួយក្រុមតូច ដែលជាពួកមនុស្សតូចល្អិត ដែលមានលោកប៊ីលបូ(Bilbo)ជាដើម ឲ្យរួមដំណើរជាមួយពួកមនុស្សតឿ ដើម្បីទៅប្រយុទ្ធជាមួយពួកសត្រូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “លោកសារូមិន(Saruman) ជឿថា មានតែអំណាចដ៏អស្ចារ្យប៉ុណ្ណោះ ដែលអាចគ្រប់គ្រង់ការអាក្រក់បាន ប៉ុន្តែ ខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំជឿថា អំពើល្អតូចៗដែលមនុស្សសាមញ្ញធ្វើជារៀងរាល់ថ្ងៃ ទើបអាចបណ្តេញសេចក្តីងងឹតបាន។ គឺអំពើតូចៗ ដែលធ្វើដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់”។
ប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ ព្រះអង្គបានដាស់តឿនយើងថា យើងកំពុងរស់នៅក្នុងសម័យងងឹត បានជាព្រះអង្គរំឭកយើងថា ដោយសារព្រះអង្គ នោះយើងបានធ្វើជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤) ហើយអំពើល្អរបស់យើង គឺជាអំណាចដែលប្រឆាំងនឹងភាពងងឹត ដើម្បីថ្វាយសិរីល្អដល់ព្រះ(ខ.១៦)។ ពេលដែលលោកពេត្រុសសរសេរសំបុត្រ ផ្ញើទៅពួកជំនុំដែលកំពុងជួបការបៀតបៀនដ៏ធ្ងន់ធ្ងរ គាត់បានប្រាប់ពួកគេឲ្យរស់នៅ ដោយទីបន្ទាល់ល្អ ដើម្បីឲ្យពួកអ្នកចោទប្រកាន់ ងាកមកថ្វាយសិរីល្អដល់ព្រះវិញ ពេលដែលបានសង្កេតឃើញការល្អរបស់ពួកគេ (១ពេត្រុស ២:១២)។
មានអំណាចមួយដែលសេចក្តីងងឹតមិនអាចគ្រប់គ្រងបាន គឺអំណាចនៃសេចក្តីស្រឡាញ់ ដែលមានចិត្តសប្បុរស ក្នុងព្រះនាមព្រះយេស៊ូវ។ បើគេទះកំផ្លៀងម្ខាង រាស្រ្តរបស់ព្រះបែរម្ខាងទៀតឲ្យគេទះ បើគេឲ្យដើរមួយគីឡូ រាស្រ្តរបស់ព្រះដើរជាច្រើនគីឡូបន្ថែមទៀត ហើយក៏អត់ទោស និងស្រឡាញ់ខ្មាំងសត្រូវ ដែលប្រឆាំងនឹងពួកគេផង។ មានតែរាស្រ្តរបស់ព្រះទេ ដែលអាចឈ្នះការអាក្រក់បាន។ ដូចនេះ ចូរយើងស្វែងរកឱកាសប្រព្រឹត្តការល្អ ដោយចិត្តសប្បុរស នៅថ្ងៃនេះ ដើម្បីនាំឲ្យអ្នកដទៃស្គាល់ពន្លឺរបស់ព្រះគ្រីស្ទ។-Joe Stowell