នៅប្រទេសអៀរឡង់ខាងជើង គេបានប្រើដីដែលនៅទទេ ទំហុំ៤៥០ហិចតា ក្នុងទីក្រុងបេសហ្វាស ដើម្បីបង្កើតជាផ្ទាំងគំនូររូបមនុស្ស ដែលគេរចនានៅលើផ្ទៃដីធំជាងគេបំផុត ក្នុងដែនដោះអង់គ្លេស។ ផ្ទាំងគំនូរនោះ ជាស្នាដៃរបស់វិចិត្រករឈ្មោះ ចច រ៉ូឌ្រីហ្គេស-ហ្គឺរ៉ាដា(Jorge Rodriguez-Gerada) ដែលបានប្រើឈើបីម៉ឺនកំណាត់ ដី២ពាន់តោន ដីខ្សាច់២ពាន់តោន និងវត្ថុផ្សេងៗទៀត ដែលមានដូចជាស្មៅ ថ្ម និងខ្សែជាដើម។
ពីដំបូងឡើយ មានតែលោកចចទេ ដែលដឹងថា ស្នាដៃសីល្បៈនោះ នឹងលេចចេញជារូបរាង្គដូចម្តេច នៅចុងបញ្ចប់នៃការរចនារូបភាពនេះ។ គាត់បានជួលកម្មករ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ឲ្យជញ្ជូនសម្ភារៈទាំងអស់នោះ យកទៅដាក់ឲ្យត្រូវកន្លែង ដែលគាត់បានប្រាប់។ ខណៈពេលដែលពួកគេកំពុងធ្វើការ ពួកគេក៏បានមើលដឹងខ្លះៗថា មានអ្វីម្យ៉ាងកំពុងតែហៀបនឹងលេចចេញរូបរាង្គមកយ៉ាងអស្ចារ្យ។ ពេលគម្រោងនោះបានបញ្ចប់ហើយ រូបភាពដ៏អស្ចារ្យមួយក៏បានលេចចេញឡើង។ បើគេឈរមើលនៅលើដី គេមិនឃើញមានអ្វីអស្ចារ្យទេ តែពេលគេមើលពីលើអាកាស គេអាចឃើញរូបមនុស្សដ៏ធំមួយ លេចចេញមកនៅលើផ្ទៃដីនោះ គឺជារូបមុខរបស់ក្មេងស្រីម្នាក់កំពុងញញឹម។
ព្រះទ្រង់កំពុងធ្វើកិច្ចការជាច្រើនរបស់ទ្រង់ ក្នុងពិភពលោក ដែលប្រៀបបាននឹងបំណែករូបតូចៗ ផ្គុំគ្នាមកបង្កើតជារូបភាពធំមួយ។ ព្រះអង្គជាសិល្បៈករ ដែលជ្រាបថា រូបភាពទាំងមូល នឹងមានភាពអស្ចារ្យយ៉ាងណា នៅពេលដែលបំណែកនៃរូបតូចៗទាំងអស់ បានផ្គុំចូលគ្នារួចរាល់ហើយ។ យើងជា “អ្នកធ្វើការជាមួយនឹងព្រះ”(១កូរិនថូស ៣:៩) ដែលកំពុងរួមចំណែក នៅក្នុងការធ្វើឲ្យរូបភាពដ៏ធំនោះ លេចចេញជារូបរាង្គឡើង។ ព្រះទ្រង់បានរំឭករាស្រ្តរបស់ព្រះអង្គ តាមរយៈលោកហោរាអេសាយថា ព្រះអង្គជាព្រះដែលគង់ពីលើរង្វង់ផែនដី ហើយព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតវាំងនន”(អេសាយ ៤០:២២)។ សព្វថ្ងៃនេះ យើងមិនទាន់អាចមើលឃើញរូបភាពដ៏ធំនោះនៅឡើយទេ តែយើងអាចបន្តធ្វើការដោយជំនឿ ដោយដឹងថា យើងជាផ្នែកមួយនៃស្នាដៃសីល្បៈដ៏អស្ចារ្យ ដែលកំពុងតែផ្គុំចូលគ្នានៅលើផែនដី តែព្រះទ្រង់នឹងទតឃើញរូបភាពទាំងមូលពីលើស្ថានសួគ៌មក។-Julie Ackerman Link