មុនពេលកូនប្រុសច្បងរបស់ខ្ញុំទៅរៀននៅសកលវិទ្យាល័យ ក្រុមគ្រួសាររបស់ខ្ញុំបានដើរលេងជុំគ្នា នៅពេលឈប់សម្រាក។ ពេលយើងអង្គុយនៅកៅអីជួរខាងក្រោយ នៃព្រះវិហារតូចមួយ ដែលនៅក្បែរមាត់សមុទ្រ ចិត្តរបស់ខ្ញុំមានពេញដោយក្តីស្រឡាញ់ ខណៈពេលដែលខ្ញុំក្រឡេកមើលកូនទាំង៥នាក់របស់ខ្ញុំ ដែលអង្គុយតាមជួរដ៏មានរបៀប។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តថា “ព្រះអម្ចាស់ សូមការពារ ហើយជួយពួកគេឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ”។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតអំពីសំពាធ និងការលំបាក ដែលពួកគេម្នាក់ៗជួបផងដែរ។
បទទំនុកបរិសុទ្ធចុងក្រោយ ដែលយើងច្រៀងក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ គឺមានវគ្គបន្ទរដែលចាក់ចុចចិត្ត ដែលបានប្រើពាក្យពេចន៍ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:១២។ យើងបានបន្លឺសម្លេងច្រៀងថា “តែ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ រហូតដល់ថ្ងៃនោះកាលណា”។ បទចម្រៀងនេះ បាននាំឲ្យខ្ញុំមានសន្តិភាពក្នុងចិត្ត ដោយបានធានាដល់ខ្ញុំថា ព្រះទ្រង់នឹងថែរក្សាព្រលឹងវិញ្ញាណរបស់ពួកគេ។
អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ជួនកាល ក្នុងចំណោមកូនរបស់ខ្ញុំ មានកូនខ្លះបានវង្វេងចេញពីព្រះ ហើយក៏មានពេលដែលកូនខ្លះទៀត បានប្រឆាំងបះបោរនឹងព្រះយ៉ាងខ្លាំង។ ជួនកាល ខ្ញុំឆ្ងល់អំពីភាពស្មោះត្រង់របស់ព្រះ។ តែពេលនោះ ខ្ញុំនឹកចាំអំពីលោកអ័ប្រាហាំ។ គាត់ធ្លាប់ជំពប់ដួល តែគាត់មិនដែលខាននឹងទុកចិត្តលើព្រះបន្ទូលសន្យា ដែលគាត់បានទទួលពីព្រះឡើយ(លោកុប្បតិ្ត ១៥:៥-៦ រ៉ូម ៤:២០-២១)។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការរង់ចាំ និងប្រព្រឹត្តខុស លោកអ័ប្រាហាំបានប្រកាន់ខ្ជាប់ តាមព្រះបន្ទូលសន្យារបស់ព្រះ រហូតដល់អ៊ីសាក់ចាប់កំណើត។
គំរូរបស់លោកអ័ប្រាហាំបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំថា ខ្ញុំត្រូវទុកចិត្តព្រះអង្គជានិច្ច។ យើងទូលថ្វាយដល់ព្រះ នូវសេចក្តីសំណូមរបស់យើង។ យើងនៅចាំថា ព្រះអង្គនៅតែមើលថែរយើង។ យើងដឹងថា ព្រះអង្គមានអំណាចចេស្តា។ យើងអរព្រះគុណព្រះ សម្រាប់ភាពស្មោះត្រង់របស់ព្រះអង្គ។-Marion Stroud