រឿងបទចម្រៀងបុណ្យណូអែល ជារឿងប្រលោមលោក ដែលលោកឆាលស៍ ឌីខិន(Charles Dickens)បាននិពន្ធ។ រឿងនេះបានចេញលក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៣ ហើយគេបានបោះពុម្ភផ្សាយមិនដែលខាន តាំងពីសម័យនោះមក។ រឿងនេះបានដំណាលអំពីដំណើរជីវិតរបស់លោកអេបិននេស័រ ស្រ្គូជ(Ebenezer Scrooge) ដែលជាបុរសអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានចិត្តកំណាញ់។ បុរសនោះបានពោលថា “អ្នកដែលនិយាយស្វាគមន៍ថា រីករាយថ្ងៃបុណ្យណូអែល ជាមនុស្សល្ងង់ ដែលគួរតែរលាកមាត់ ដោយសារបង្អែមរបស់ខ្លួន។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃបុណ្យណូអែល គាត់ក៏បានប្រែចិត្ត ក្លាយជាមនុស្សសប្បុរស និងមានចិត្តរីករាយ។ សៀវភៅរឿងនេះមានលក្ខណៈកំប្លែង និងផ្តល់ការអប់រំជាច្រើន ដែលឆ្លុះបញ្ចាំងថា មនុស្សម្នាក់ៗសុទ្ធតែស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត។
មុនពេលសាវ័កប៉ុលទទួលជឿព្រះ គាត់ជាយុវជនម្នាក់ដែលប្រឆាំងនឹងព្រះយេស៊ូវ និងគ្រីស្ទបរិស័ទ ដោយវិញ្ញាណដែលតាមធ្វើទុក្ខបៀបបៀនគេ។ គាត់“បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក”(កិច្ចការ ៨:៣)។ តែថ្ងៃមួយ គាត់បានជួបព្រះគ្រីស្ទ ដែលបានមានព្រះជន្មរស់ឡើងវិញ ហើយជីវិតគាត់ក៏បានផ្លាស់ប្រែ(៩:១-១៦)។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនក្នុងជំនឿ គាត់បានរៀបរាប់អំពីហេតុការណ៍ដែលបានធ្វើឲ្យជីវិតផ្លាស់ប្រែ ដោយមានប្រសាសន៍ថា “ពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន … តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង”(១ធីម៉ូថេ ១:១៣-១៤)។
ព្រះយេស៊ូវបានយាងមកប្រសូត្រក្នុងលោកិយ ហើយបានលះបង់ព្រះជន្ម ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប ហើយផ្លាស់ប្រែ ដោយទទួលជឿព្រះអង្គ។ សេចក្តីនេះ ជាបេះដូងនៃពិធីបុណ្យណូអែល!-David McCasland