មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។ ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល?
ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ?
ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។
បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt