ថ្ងៃទី១០ ខែសីហា ឆ្នាំ១៦២៨ ជាថ្ងៃដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រនៃកងទ័ពជើងទឹក នៃប្រទេសស៊ុយអែត។ នៅថ្ងៃនោះ សំពៅចម្បាំងវ៉ាសា បានចាប់ផ្តើមការធ្វើដំណើរ ក្នុងសមុទ្រជាលើកទីមួយ។ គេបានចំណាយពេល២ឆ្នាំ ដើម្បីសាងសង់នាវាមួយគ្រឿងនេះ ដោយមានការតុបតែងលម្អរយ៉ាងស្រស់ស្អាត ហើយផ្ទុកកាំភ្លើងធំ៦៤ដើម ដូចនេះ វាជាមោទនភាពនៃកងទ័ពជើងទឹក នៃប្រទេសស៊ុយអែត តែគួរឲ្យស្តាយណាស់ វាបានលិច ពេលធ្វើដំណើរចូលក្នុងសមុទ្របានចម្ងាយ ជាង១គីឡូម៉ែត្រ។ តើមកពីហេតុអ្វី? នាវាមួយគ្រឿងនេះផ្ទុកទម្ងន់លើសសមត្ថភាពរបស់វា ធ្វើឲ្យវាលិចដល់បាតមហាសមុទ្រ។
ជាញឹកញាប់ គ្រីស្ទបរិស័ទដាក់បន្ទុក នៅលើខ្លួនឯងធ្ងន់ពេក នៅក្នុងការរស់នៅ។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើង ក្នុងការធ្វើដំណើរខាងវិញ្ញាណ យ៉ាងដូចនេះថា “នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”(១២:១-២)។
យើងប្រហែលជាខិតខំតុបតែងសម្បកក្រៅរបស់យើង ឲ្យល្អស្អាត និងគួរឲ្យសរសើរ នោះគឺមិនខុសពីសំពៅចម្បាំងនោះទេ។ ប៉ុន្តែ បើសិនជាខាងក្នុង មានពេញដោយបន្ទុកដ៏ធ្ងន់នៃអំពើបាប នោះការខិតខំរបស់យើង គឺគ្មានប្រយោជន៍ទេ។ ទោះជាយ៉ាងណាក៏ដោយ យើងមានដំណោះស្រាយ សម្រាប់បញ្ហានេះ។ យើងអាចពឹងផ្អែកលើការដឹកនាំ និងទទួលកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យអាចសម្រាលបន្ទុករបស់យើង ហើយយើងក៏អាចមានអំណរឡើងវិញ។
ការអត់ទោសបាប និងព្រះគុណ តែងតែមានសម្រាប់អ្នកធ្វើដំណើរ ខាងវិញ្ញាណជានិច្ច។-Dennis Fisher