នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩១ នាវាដឹកអ្នកដឹកដំណើរខ្នាតធំ MTS Oceanos បានជួបខ្យល់ព្យុះដ៏អាក្រក់ នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនាវានោះ ចាប់ផ្តើមលិច នាយនាវាក៏បានសម្រេចចិត្តបោះបង់នាវា ហើយចាកចេញជាមួយពួកនាវិករបស់គាត់ ដោយមិនបានប្រកាសអាសន្នដល់អ្នកដំណើរនៅលើនាវា។ មានអ្នកដំណើរម្នាក់ ឈ្មោះ ម៉ូស ហ៊ីល(Moss Hills) ដែលជាតន្រ្តីករជនជាតិអង់គ្លេស បានកត់សំគាល់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ហើយក៏បានទាក់ទងទៅកងទ័ពការពារសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឲ្យមកជួយ។ បន្ទាប់មក លោកម៉ូស និងភរិយាឈ្មោះ ត្រេស៊ី(Tracy) ព្រមទាំងសីល្បៈករដទៃទៀត ដែលនៅលើនាវានោះ ក៏បានជួយរៀបចំការជំលាសអ្នកដំណើរទាំងអស់ចេញពីនាវា ដោយជួយនាំពួកគេឡើងឧទ្ធម្ភាចក្រ។

ជួនកាល អ្នកដែលយើងចង់ឲ្យដឹកនាំយើង អាចបោះបង់យើងចោល។ ពេលដែលស្តេចសូល និងមន្ត្រីរបស់ទ្រង់ ទទួលរងនូវការជេរប្រមាថ ពីកូលីយ៉ាតដែលជាយក្សរបស់សាសន៍ភីលីស្ទីន ពួកគេបានឆ្លើយតប ដោយការភ័យខ្លាច និងភាពអាម៉ាស(១សាំយ៉ូអែល ១៧:១១)។ ប៉ុន្តែ មានតន្រ្តីករវ័យក្មេងម្នាក់ ដែលជាក្មេងគង្វាល  ឈ្មោះដាវីឌ  មានជំនឿថា  ព្រះទ្រង់អាចជួយដោះស្រាយបញ្ហានេះបាន។ ដាវីឌក៏បាននិយាយទៅកូលីយ៉ាតថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”(ខ.៤៥)។ ដាវីឌក៏បានប្រយុទ្ធឈ្នះសត្រូវ ហើយក៏បានធ្វើឲ្យពួកអ៊ីស្រាអែលមានប្រៀបមកលើគូរសត្រូវវិញ(ខ.៥០)។ គាត់មិនបានរំពឹងទៅលើអ្នកដឹកនាំនៅលើផែនដី ដើម្បីឲ្យខ្លួនមានកម្លាំងឈ្នះសត្រូវឡើយ តែគាត់បានពឹងផ្អែកទៅលើព្រះដ៏មានព្រះជន្មរស់វិញ។

ពេលអ្នកដទៃបោះបង់យើងចោល ព្រះទ្រង់អាចប្រើយើងឲ្យដឹកនាំអ្នកដទៃ ដោយពឹងផ្អែកកម្លាំងទ្រង់ និងដើម្បីថ្វាយសិរីល្អដល់ទ្រង់។-Dennis Fisher